ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល ផ្នែកជំងឺឆ្លង ឲ្យដឹងថា នៅព្រឹកថ្ងៃទី៣មីនាថា នៅឆ្នាំ២០១៧នេះ ក្រសួងសុខាភិបាលបានរកឃើញ ពិតមានជំងឹផ្តាសាយបក្សីលើសត្វបក្សី នៅឯខេត្តស្វាយរៀងជាប់ព្រំដែន ប្រទេសវៀតណាមមែន តែមកដល់ពេលនេះ នៅពុំទាន់រកឃើញថាកើតមានលើមនុស្សនោះទេ។
យ៉ាងណាលោកវេជ្ជបណ្ឌិតរូបនេះបានអំពាវនាវឲ្យបងប្អូន មានការប្រុងប្រយ័ត្នខ្ពស់អំពីការចម្លងជំងឺនេះ ក្នុងពិធី បុណ្យចូលឆ្នាំខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ និងសូមរស់នៅឲ្យមានអនាម័យផង ជាពិសេស សូមកុំ យកមាន់ទា សត្វបក្សីឈឺ ឬងាប់ មកធ្វើជាអាហារ ឫលក់បន្តពីមួយទៅមួយ។
លោកវេជ្ជបណ្ឌិតប្រកាសនេះធ្វើឡើង បន្ទាប់ពីនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅប្រទេសវៀតណាមមានការផ្ទុះឡើងវិញ នៃជំងឺផ្តាសាយបក្សី ដែលត្រូវបានសម្លាប់ និងដុតចោលសត្វបក្សីជាច្រើន ។
គេនៅចាំបានថា កាលពីឆ្នាំ ២០០៥ ដល់ ២០១៤ កម្ពុជាធ្លាប់កើតមានជំងឺផ្តាសាយបក្សី ដែលបានឆ្លងពីសត្វបក្សី មកមនុស្សចំនួន៥៦ករណីដែលក្នុង នោះ ៣៧ ករណីបានស្លាប់ ។ ចំណែកឆ្នាំ ២០១៣វិញ មានឆ្លងលើ មនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និង ក្នុងឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់ ។
តាមការបញ្ជាក់ពីក្រសួងសុខាភិបាលបាន ឲ្យដឹងថា បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សាសេ និងមាន រោគសញ្ញា ក្អក ឬ ឈឺបំពង់ក ឬ ដកដង្ហើម ហត់ និងធ្លាប់ ប៉ះពាល់បក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីគួរឲ្យសង្ស័យថាកើតមានជំងឺនេះ។ដូច្នេះ ត្រូវបញ្ជូនអ្នកជំងឺ ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជិត បំផុតដើម្បីធ្វើការព្យាបាលឲ្យទាន់៕ ប្រាថ្នា