ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីស្ថានទូតកូរ៉េខាងជើង៖ គីម ជុងណាម ស្លាប់ដោយជំងឺគាំងបេះដូង

ចែករំលែក៖

មន្ត្រីកូរ៉េខាងជើងមួយរូបបានបញ្ជាក់ថា លោកគីម ជុងណាម ស្លាប់ដោយសារតែជំងឺគាំងបេះដូង លើសឈាម និងទឹកនោមផ្អែម ។

អតីតឯកអគ្គរដ្ឋទូតរងរបស់កូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ លោក Ri Tong Il បានច្រានចោលព័ត៌មានថា លោកគីម ជុងណាម ស្លាប់ដោយសារធាតុ VX ដែលជាជាតិពុលសម្រាប់ផលិតអាវុធគីមីត្រូវបានអន្តរជាតិហាមឃាត់។ លោកបញ្ជាក់ថា លោកគីម ជុងណាម ស្លាប់ដោយសារតែជំងឺបេះដូង និងលើសឈាម ។

វិវាទជុំវិញការស្លាប់របស់លោកគីម ជុងណាម បានធ្វើឲ្យទំនាក់ទំនងរវាងកូរ៉េខាងជើង នឹងម៉ាឡេស៊ីប្រឈមមុខតានតឹងដាក់គ្នា ក្រោយពេលកូរ៉េខាងជើងស្នើឲ្យប្រគល់សាកសពលោកគីម ជុងណាម ទៅឲ្យស្ថានទូតកូរ៉េខាងជើងដោយមិនចាំបាច់ត្រួតពិនិត្យសាកសពឡើយ ប៉ុន្តែភាគីម៉ាឡេស៊ី មិនយល់ព្រម ក៏ពិនិត្យរកឃើញសារធាតុគីមីត្រូវបានប្រើប្រាស់នៅក្នុងការធ្វើឃាតលោកគីម ជុងណាម។

មន្ត្រីម៉ាឡេស៊ីបានបញ្ជាក់ថា លោកគីម ជុងណាម ត្រូវបានស្ត្រីពីរនាក់ មកពីក្រោយយកកន្សែងមានជាតិគីមី VX ខ្ទប់មាត់ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិកូឡាឡំពួរកាលពីថ្ងៃទី១៣ ខែកុម្ភៈ បណ្តាលឲ្យស្លាប់ក្រោយរយៈពេល២ម៉ោង បញ្ជូនទៅមន្ទីរពេទ្យមិនទាន់ពេលវេលាឡើយ ។

ស្ត្រីពីរនាក់ដែលជាប់ពាក់ព័ន្ធនឹងការស្លាប់នោះ មានឈ្មោះ Siti Aisyah អាយុ២៥ឆ្នាំ ជនជាតិមឥណ្ឌូនេស៊ី និងម្នាក់ទៀតឈ្មោះ Doan Thi Huong អាយុ២៨ឆ្នាំ ជនជាតិ វៀតណាម ត្រូវបានចាប់ខ្លួន ហើយតុលាការម៉ាឡេបានចោទប្រកាន់ទោសពីបទប៉ុនប៉ងមនុស្សឃាត នៅក្នុងការកាត់ក្តីកាលពីថ្ងៃទី១ ខែមីនា ។ ប្រសិនបើត្រូវផ្ទាន្ទាទោសនោះ ស្ត្រីទាំងពីរនាក់ខាងលើ ត្រូវប្រហារជីវិត។

ប៉ុន្តែស្ត្រីទាំងពីរនាក់ខាងលើបានបញ្ជាក់ថា ពួកគេត្រូវបានគេបោកប្រាស់ឲ្យចូលរួមលេងហ្គេមនៅក្នុងកម្មវិធីទូរទស្សន៍មួយ ស្តីពីភាពចៃដន្យ ភ្ញាក់ផ្អើល តែមិនគ្រោះថ្នាក់ដល់អ្នកដទៃឡើយ។ ស្ត្រីទាំងពីរនាក់ខាងលើ ត្រូវបានគេផ្តល់ប្រាក់ម្នាក់៩០ដុល្លារ ជាថ្លៃសម្រាប់លេងហ្គេមខាងលើ។ បើស្ត្រីទាំងពីរនាក់ដឹងថា ជាការសម្លាប់មនុស្ស មិនមែនយកថ្លៃ៩០ដុល្លារ ទៅប្រថុយនឹងគ្រោះថ្នាក់នោះដែរ។

កាលពីថ្ងៃទី២ ខែមីនា លោក Ri Tong Il បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅមុខស្ថានទូតកូរ៉េខាងជើង ប្រចាំនៅម៉ាឡេស៊ីថា ទីក្រុងព្យុងយ៉ាង ក៏មិនយល់ថាហេតុអ្វីបានជាស្ត្រីទាំងពីរនាក់ខាងលើប្រើប្រាស់ជាតិពុល VX ទៅសម្លាប់លោកគីម ជុងណាម នោះដែរ ដោយអ្នកទាំងពីរមិនត្រូវជាតិពុលនោះ ក៏ដូចជាអ្នកដែលនៅជិតខាងក្នុងអាកាសយានដ្ឋាន ។

ចំណុចទាំងនោះ ទើបកូរ៉េខាងជើង បញ្ជាក់ថា មូលហេតុនៃការស្លាប់ខាងលើ គឺដោយសារតែជំងឺគាំងបេះដូង លើសឈាម ។

ពាក់ព័ន្ធនឹងករណីឃាតកម្មទៅលើលោកគីម ជុងណាម នៅលើទឹកដីម៉ាឡេស៊ី រដ្ឋាភិបាលទីក្រុងកូឡាឡំពួរ ក៏បានសម្រេចលុបទិដ្ឋការសម្រាប់ពលរដ្ឋកូរ៉េខាងជើងចូលមកទឹកដីម៉ាឡេស៊ី ។ ពេលនេះបើពលរដ្ឋកូរ៉េខាងជើង ចង់ចូលម៉ាឡេស៊ីនោះគឺត្រូវតែសុំច្បាប់ជាមុននៅស្ថានទូត៕ ម៉ែវ សាធី

លោកគីម ជុងណាម កាលមិនទាន់បាត់បង់ជីវិត

លោកគីម ជុងណាម កាលមិនទាន់បាត់បង់ជីវិត


ចែករំលែក៖