ព័ត៌មានទាន់ហេតុការណ៍៖

នាំគូដណ្តឹងជិះម៉ូតូចែកធៀបការ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ប្អូនថ្លៃ

ចែករំលែក៖

ប៉ោយប៉ែតៈ គូដណ្តឹង១គូ ជិតដល់ថ្ងៃរៀបការបាននាំគ្នាជិះម៉ូតូ១គ្រឿងដឹកគ្នា៣នាក់ រួមទាំងប្អូនខាងស្រី ទៅចែកធៀបការ ជួបថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ប្អូនថ្លៃ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧នៅលកំណាត់ផ្លូវជាតិលេខ៥ ចំណុចខាងកើតវត្តសន្យារាម ចម្ងាយប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិកូបជើង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រីម៉ក់ សាក់ អធិការរងនគរបាលផែនសណ្ដាប់ធ្នាប់ស្រុកអូរជ្រៅបានឲ្យដឹងថា ជនរងគ្រោះទាំង ៣នាក់មានឈ្មោះ ឈួម ស្រីណាត់ ស្រីអាយុ ១៦ឆ្នាំ ជិះម៉ូតូពីក្រោយ ត្រូវគោយន្តកន្ត្រៃច្នៃកិនខ្ទេចក្បាលស្លាប់, ២ ឈ្មោះ ឈួម ស្រីនិត ភេទស្រីអាយុ ១៨ឆ្នាំ រងរបួសធ្ងន់, ៣ ឈ្មោះ ឆៃ ថូរៃ ប្រុស អាយុ ២០ឆ្នាំ រងរបួសស្រាល ទាំង៣នាក់ រស់ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកបញ្ជាក់ថាៈ មុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1T.9502 អ្នកបើកបរឈ្មោះឆៃ ថូរ៉ៃ ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិតានី ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាបលុះដល់ចំណុចកើតហេតុមានម៉ូតូ១គ្រឿងបានបើមកកៀរដៃចង្កូតម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យម៉ូតូជនរងគ្រោះដួលខ្ទាតឈ្មោះឈួម ស្រីណាត់ ទៅលើទ្រូងថ្នល់ ត្រូវរថយន្តច្នៃកិនស្លាប់តែម្ដង។ ចំណែកគូដណ្តឹង២នាក់ គ្រាន់តែរងរបួសស្រាលទាំង២នាក់។

អ្នករងរបួសត្រូវបានប្រជាពលរដ្ឋនៅទីនោះ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបូរី ដើម្បីសង្គ្រោះជីវិតភ្លាមៗផងដែរ។ រីឯគោយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុក នៅអធិការស្រុកអូរជ្រៅ ដើម្បីដោះស្រាយនៅពេលក្រោយ។ សពត្រូវជំនាញត្រួតពិនិត្យរួចរាល់ ហើយបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសពតែម្តង ៕ វណ្ណា

abc (1) abc (2) abc (3)


ចែករំលែក៖