ខេត្តសៀមរាប៖ មានការលើកឡើងថា អាជ្ញាធរ ខេត្តសៀមរាប និងក្រុមសណ្ដាប់ធ្នាប់ បានប្រមូលលុយ នៅផ្សារអង្គរឃ្យុងយូ ក្នុង១ខែៗ រាប់លានរៀល យកទៅចែកគ្នា ដោយស្ងាត់ៗ ។
ប្រភពច្បាស់ការណ៍មួយបានទម្លាយថា លុយចំណូល នៅផ្សារអង្គរឃ្យុងយូ ត្រូវបានអាជ្ញាធរ សមត្ថកិច្ច នគរបាល សណ្ដាប់ធ្នាប់ ប្រមូលយកទៅ ចែកគ្នា ដោយមិនមាន ចំណូលចូលរដ្ឋនោះទេ ចំណែកប្រភពច្បាស់ការណ៍មួយទៀត បានឲ្យដឹងថា លោកកែវ រក្សា នាយការិយាល័យ នគរបាល សណ្ដាប់ធ្នាប់ ជាអ្នកបោះមេ ក្នុងការបែងចែក លុយទាំងនោះ ចែកទៅ សាលាក្រុង សៀមរាប អធិការក្រុង សៀមរាប និងអាជ្ញាធរ ខេត្តសៀមរាបក្នុង១តូប យ៉ាងហោចណាស់ ត្រូវបង់លុយ ១០០០រៀល ថ្លៃអនាម័យ៥០០រៀល សណ្ដាប់ធ្នាប់៥០០រៀល ក្នុងនោះ មានចំនួន៣៥០តូបដែល អាជីវករកំពុងលក់ជារៀងរាល់ថ្ងៃ សរុបក្នុង១ថ្ងៃ៣៥ម៉ឺនរៀល ក្នុង១ខែ ចំណូល១០លាន៥សែនរៀល ការប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ច ដែលបានឃុបឃិតគ្នានេះ បានកើតមានជាយូរណាស់មកហើយ គិតមកដល់ឆ្នាំ២០១៦ និង២០១៧នេះ។
គួរបញ្ជាក់ថា ផ្សារអង្គរឃ្យុងយូ ដែលអាជីវករ បានលក់នៅពេលយប់ មានចំនួន៥៥១នាក់ តែអ្នកមានតូប លក់តែជាង៣០០តូបប៉ុណ្ណោះ ចំពោះការចោទប្រកាន់នេះ អ្នកយកព័ត៌មានមិនទាន់ទទួលការបកស្រាយ បំភ្លឺពីលោកពៅ ពិសិទ្ធ អភិបាលរងខេត្តសៀមរាប ដែលមានព័ត៌មានថាលោកក៏ជាអ្នកទទួលបាន ផលប្រយោជន៍ ពីចំណូល ខាងលើផងដែរនោះនៅឡើយទេ ៕ ប៊ុន រិទ្ធី