ព័ត៌មានទាន់ហេតុការណ៍៖

សាហាវណាស់រថយន្តសណ្តោងរ៉ឺម៉ក ក្រុមហ៊ុនស្រាបៀរអង្គរ បើកបុករះម៉ូតូ និងរថយន្ត៣គ្រឿងបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់នៅស្រុកអង្គស្នួល

ចែករំលែក៖

 

ខេត្តកណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍ ដ៏កាចសាហាវ រវាងរថយន្តសណ្តោងរ៉ឺម៉ករបស់ ក្រុមហ៊ុនស្រាបៀរអង្គរ បើកបោះពួយបុករះម៉ូតូមួយគ្រឿង និងរថយន្ត២គ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៤១ បណ្តាលឲ្យបុរសជាអ្នកបើកបរម៉ូតូបាត់បង់ជីវិត រីឯអ្នកបើកបររថយន្ត២នាក់ទៀតរងរបួសស្រាល ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២១និង១០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអណ្ដូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា រថយន្តសណ្តោងរ៉ឺម៉ករបស់ក្រុមហ៊ុន ស្រាបៀរអង្គរ នោះម៉ាក HINO ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-0298 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានគេចខ្លួនបាត់ ។ ជនរងគ្រោះឈ្មោះ ឡុច ចន្ធី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដា ឌ្រីម ធុនសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BV-9734 ។

ប្រភពដដែលបានបន្តថា រថយន្ត២គ្រឿងទៀត ដែលត្រូវបានរថយន្តរបស់ក្រុមហ៊ុន ស្រាបៀរអង្គរ បុករះនោះ ទី១-ម៉ាកតូយូតាតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-6819 បើកបរដោយឈ្មោះ សុខ ប៊ុនឈឿន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិអំពិលទឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី២-ម៉ាកតូយូតាវីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-0761 បើកបរដោយឈ្មោះ ប៉ុក ម៉ារ៉ាឌី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្តសណ្តោងរ៉ឺម៉ករបស់ក្រុមហ៊ុន ស្រាបៀរអង្គរ បើកបរតាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿងជិះច្រាស់ទិសគ្នា ។ រថយន្តនៅតែមិនទាន់អស់ល្បឿន ក៏បន្តបុករះរថយន្ត២គ្រឿងខាងលើនេះបន្ថែមទៀត ទើបទៅមុខលែងរួច ។ ក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបររថយន្តក្រុមហ៊ុន ស្រាបៀរអង្គរ បានចុះគេចខ្លួនបាត់ រីឯអ្នកបើកបរម៉ូតូបានរងរបួសយ៉ាងធ្ងន់រហូតបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ ដោយឡែកអ្នកបើកបររថយន្តតាកូម៉ា និងរថយន្តវីហ្គោរងរបួសបន្តិចបន្តួច។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកអ្នកបើកបរម៉ូតូមិនប្រកាន់ស្ដាំ រីឯរថយន្តក្រុមហ៊ុនស្រាបៀរអង្គរបើកបរក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន ។

បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំង៤គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកអង្គស្នួល វាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

aew (1) aew (2) aew (3)


ចែករំលែក៖