ខេត្តពោធិ៍សាត់៖ នាយសង្កាត់រដ្ឋបាល ជលផលកំពង់លួង និងជាប្រធានគ្រប់គ្រង់តំបន់អភិរក្សជលផល(ឡូត៍នេសាទកំពង់ប្រាក់)លោក ពិន វុទ្ធី ដឹកនាំកម្លាំងក្រោមឱវាទចុះល្បាត និងបង្រ្កាបបទល្មើសនេសាទក្នុងតំបន់ដែនសមត្តកិច្ចខ្លួន ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ២នាក់ រួមទាំងវត្ថុតាង ខណៈដែលពួកគេកំពុងធ្វើសកម្មភាពជាក់ស្ដែង។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង៩ និង៥៦នាទីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចបង្គោលជ្រុំថ្មី ក្នុងកន្លែងអភិរក្សជលផល(ឡូត៍នេសាទកំពង់ប្រាក់) ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក នាយសង្កាត់រដ្ឋបាល ជលផលកំពង់លួង និងជាប្រធានការងារអភិរក្សជលផលបានឲ្យដឹងថា ជនសង្ស័យជាអ្នកនេសាទជនជាតិវៀតណាមត្រូវបានកម្លាំងឃាត់ខ្លួនទី១ ឈ្មោះ ង្វៀង យាំុងយឺក ភេទប្រុស អាយុ ១៨ឆ្នាំ និងទី២ឈ្មោះ ង្វៀង យាំុងទែវ ភេទប្រុស អាយុ ១៤ឆ្នាំ អ្នកទាំង ២នាក់ ស្នាក់នៅភូមិ ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក បន្តថា ចំណែកវត្ថុតាងរួមមាន បាឡាសំបកកាវស្មាច់ទំហំទទឹង ០,៧០ម៉ែត្រ ជម្រៅ ០,៤៥ម៉ែត្រ និងប្រវែង ៦,៣០ម៉ែត្រ ភ្ជាប់ម៉ាសុីម៉ាក ហុីណូតា ១៨សោះចំនួន ១គ្រឿង មងក្រឡុកប្រវែង ៥៥២ម៉ែត្រ ជម្រៅ ២,៥០ម៉ែត្រចំនួន ១វង់ ប្រដាប់ក្រឡុកបង្កឲ្យត្រីផ្អើលចំនួន ១ កាំបិតចំនួន ១ និងត្រីចំរុះខូចគុណភាពចំនួន ៣៥គីឡីក្រាម។
ប្រភពដដែលបន្តទៀតថា ចំពោះជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងបានបំពេញនីតិវិធី ដើម្បីបញ្ជូនបន្តទៅខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ចាត់ចែងបន្ត៕ បឹុម ពិន