ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រលែងសត្វស្វា៦ក្បាលឲ្យមានសេរីភាពក្នុងរមណីយដ្ឋានព្រៃបាសាក់

ចែករំលែក៖

ខេត្តស្វាយរៀងៈ សត្វស្វាចំនួន៦ក្បាល ត្រូវបានសមត្ថកិច្ចប្រលែងឲ្យមានសេរីភាពវិញ ខណះៈរត់លេងប្រដេញគ្នាក្នុងរមណីយដ្ឋានព្រៃបាសាក់យ៉ាងសប្បាយរីករាយ ស្រែកដាក់គ្នាវា ទៅវិញទៅមក ដោយលែងភ័យពីក្រុមឈ្មួញ ក៏ដូចជាអ្នកភូមិចិញ្ចឹមទុកក្នុងទ្រុងផងដែរ ។

ជាក់ស្ដែងវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្តខេត្ត និង ស្រុកស្វាយជ្រំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ផាន រតនា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ដ មានការចូលរួមពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងខេត្ត លោកមេភូមិឃុំព្រៃបាសាក់ និងអាជ្ញាធរមូលដ្ឋានបានយកសត្វស្វា៦ក្បាល មកលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មានផ្ទះអ្នកភូមិមួយបានយកសត្វស្វាសង្ស័យបម្រុងយកទៅលក់ឲ្យក្រុមឈ្មួញបន្តទៀត ។

យោងតាមមន្ត្រីកងរាជអាវុធហត្តខេត្តបានឲ្យដឹងថា បានកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅផ្ទះឈ្មោះ ម៉ែន គឹមសឿន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង មានចិញ្ចឹមសត្វស្វាជាច្រើនក្បាល ដាក់ក្នុងទ្រុង ទើបកំលាំងសមត្ថកិច្ចដឹកនាំដោយព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត សហការជាមួយកងរាជអាវុធហត្ថខេត្ត និងសមត្ថកិច្ចមូលដ្ឋានដ្ឋានចុះមកអន្តរាគមន៍នៅផ្ទះខាងលើដើម្បីសាកសួរ ។

ប្រភពបន្តថា សត្វស្វាទាំង៦ក្បាលនេះ គឺម្ចាស់ផ្ទះបានទិញទុកដាក់ក្នុងទ្រុង ដើម្បីចិញ្ចិមតែប៉ុណ្ណោះ ដោយមិនបានទិញទុកលក់ឲ្យក្រុមឈ្មួញអ្វីនោះទេ ។

បច្ចុប្បន្នសត្វស្វាទាំងនេះ ត្រូវបានយកទៅលែងនៅរមណីយដ្ឋានព្រៃបាសាក់ ដែលស្ថិតក្នុងភូមិព្រៃបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀងរួចហើយដែរ ៕ យឹម សុថាន

ae (1) ae (2)


ចែករំលែក៖