ខេត្តស្ទឹងត្រែង៖ ជនជាតិឡាវដែលជាមេក្លោងជួញដូរគ្រឿងញៀនដ៏ធំម្នាក់ត្រូវបានកម្លាំងនគរបាលរបស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបើកការស្រាវជ្រាវ និងតាមដានជាយូរថ្ងៃរហូតឈានដល់ការចាប់ខ្លួនបានដោយដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ប្រមាណ៥គីឡូក្រាម កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ស្ថិតនៅចំណុចព្រំដែន កម្ពុជា-ឡាវក្នុងខេត្តស្ទឹងត្រែង ។
លោក យិន បញ្ញារិទ្ធិ នាយការិយាល័យ «ក៩»នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួង មហាផ្ទៃបានប្រាប់ឲ្យដឹងថា មេខ្លោងជួញដូរគ្រឿងញៀនជនជាតិឡាវរូបនេះឈ្មោះ ថាវ ម៉ៃសន អាយុ៣៩ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ៃ សាយ អាយុ៣៥ឆ្នាំ រស់នៅភូមិណាឌី ស្រុកវៀងថង ខេត្តបិសខាំសៃ។
មន្រ្តីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនរូបនេះបានបញ្ជាក់ថា មេខ្លោងជួញដូរ គ្រឿងញៀនជនជាតិឡាវដែលត្រូវបាន ចាប់ខ្លួននៅពេលនេះធ្លាប់ធ្វើសកម្មភាពនាពេលកន្លងទៅ ហើយក៏មានពួកឧក្រិដ្ឋជន នៅប្រទេសវៀតណាមធ្លាប់បញ្ជាទិញពី ៣០ទៅ៥០គីឡូក្រាមផងដែរ ។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅប្រមុខរាជរដ្ឋាភិបាល កម្ពុជាសម្តេចតេជោ ហ៊ុន សែន បានដាក់ ចេញផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១រយៈពេល៦ខែ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំង គ្រឿងញៀននៅកម្ពុជាឲ្យកាន់តែខ្លាំងក្លានិង ទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នេះដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀនជាអនុប្រធាន ៕ ហេង សូរិយា