ភ្នំពេញ៖ ប្រភពព័ត៌មានបានអោយដឹងថា មេប៉ុស្តិ៍បាក់ខែងស្តីទី ដែលគេស្គាល់ថាឈ្មោះ មាស ថន និងមន្ត្រីប៉ុស្តិ៍ម្នាក់ឈ្មោះ ឡុង សៅ ត្រូវបានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលក្រុងភ្នំពេញ បានហៅទៅសាកសួរ ហើយក៏ឃុំខ្លួនជាបណ្តោះអាសន្ន បន្ទាប់ពីឪពុកជនរងគ្រោះម្នាក់ ប្តឹងទៅលោក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពីបទដោះលែងជនសង្ស័យក្នុងអំពើ ហិង្សាដោយចេតនាមួយ ។
ការឃាត់ខ្លួនមេប៉ុស្តិ៍ស្តីទី និងមន្ត្រីប៉ុស្តិ៍ទាំង ២នាក់ខាងលើធ្វើឡើងកាលពីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ នៅការិយាលព្រហ្មទណ្ឌកំរិតស្រាល។
ទោះបីយ៉ាងណា បើតាមប្រភពព័ត៌មានបានអោយដឹងថា មន្ត្រីប៉ូលិសទាំង ២នាក់ ត្រូវបានជាប់ឃុំជាបណ្តោះអាសន្ន នៅស្នងការនគរបាលរាជធានី បន្ទាប់ពីហៅទៅសួរនាំ។
យោងតាមពាក្យបណ្តឹងពីឈ្មោះ ឡាំង ផា ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៤Z ផ្លូវលេខ២៤៧ ក្រុម២៦ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវជាឪពុកឈ្មោះ ឡាំង សុផារ៉េត ជាអ្នករងគ្រោះ បានសម្រេចប្តឹងមន្ត្រីបូលិសទាំង ២រូបទៅលោកឧត្តមសេនីយ៍ ជួន សុវណ្ណ អោយជួយរកយុតិ្តធម៌ដល់កូនប្រុសរបស់គាត់ បន្ទាប់ពីជនសង្ស័យវាយរបួសយ៉ាងធ្ងន់ ហើយត្រូវប៉ូលិសទាំង ២នាក់ដោះលែង។
នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ម៉ោង ៧:៣០នាទីយប់ កូនប្រុសរបស់គាត់ដែលមានឈ្មោះ ឡាំង សុផារ៉េត អាយុ ២៣ឆ្នាំ កំពុងអង្គុយហូបបាយជុំគ្នានៅខាងក្រោមផ្ទះ ស្រាប់តែឈ្មោះ សុខ ចាន់ ភេទប្រុស អាយុប្រហែល ៣២ឆ្នាំ យកកាំបិតផ្គាក់ មកដេញកាប់ពីក្រោយ ហើយកូនប្រុសរបស់គាត់បានរត់គេច តែដួលលើដីក៏ ឈ្មោះ សុខ ចាន់ បានកាប់មួយកាំបិទផ្គាក់បណ្តាលអោយរងរបួសជាទម្ងង់ហូរឈាមរហូតដល់សន្លាប់មិនដឹងខ្លួន។
ពាក្យបណ្តឹងបានរៀបរាប់បន្តថា ក្រោយពីកាប់កូនប្រុសរបស់គាត់រួចហើយ ឈ្មោះ សុខ ចាន់ បានរត់ទៅផ្ទះ ដើម្បីគេចខ្លួន បន្ទាប់មក កូនប្រសារគាត់បានទៅប្តឹងប៉ូលិសប៉ុស្តិ៍បាក់ខែង ដើម្បីឃាត់ខ្លួនជនសង្ស័យ ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកមកដាក់នៅប៉ុស្តិ៍ មួយយប់ ដោយបានដាក់ខ្នោះដៃត្រឹមត្រូវ ស្រាប់តែព្រឹកឡើង មានមន្ត្រីនគរបាលមួយរូប បានមកប្រាប់គ្រួសារគាត់ថា ជនសង្ស័យឈ្មោះ សុខ ចាន់ បានរត់គេចខ្លួនបាត់ហើយ។ នេះបញ្ជាក់អោយឃើញថា ឈ្មោះ មាស ថន ជាមេប៉ុស្តិ៍ស្តីទី ពិតជាបានដោះលែងជនសង្ស័យពិតប្រាកដមែន។
ពាក្យបណ្តឹងរបស់ឪពុកជនរងគ្រោះ បានសុំអោយលោក ជួន សុវណ្ណ មេត្តាចាត់ការលើឈ្មោះ មាស ថន ទៅតាមវិន័យកងកម្លាំងនគរបាលជាតិ និងសុំទាមទារថ្លៃព្យាបាលរបួសចំនួន ៥ពាន់ដុល្លាអាមេរិក និងថ្លៃសងជំងឺចិត្តចំនួន ៣ពាន់ដុល្លាអាមេរិកទៀត។
មហាជន ក៏ដូចជាមន្ត្រីប៉ូលិសដែលដឹងរឿងនេះ មានការងឿងឆ្ងល់ថា រឿងធ្វើការប្រហែសបណ្តាលឱ្យជនសង្ស័យរត់រួចតែម្តង សោះត្រូវឃុំខ្លួន និងជាប់វិន័យយ៉ាងធ្ងន់ធ្ងរ ចុះអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និងខណ្ឌដ៏ទៃទៀត ធ្លាប់ធ្វើអោយរួចចោរជាច្រើនលើក ហើយមានករណីហែកគុកជាច្រើនដង មិនដែលឃើញស្នងការមានចំណាក់ការនោះឡើយ។ ជាក់នៅពេលថ្មីៗនេះនៅអធិការដ្ឋានខណ្ទឫស្សីកែវបានធ្វើឱ្យជនសង្ស័យគ្រឿងញៀនម្នាក់រត់រួចហើយនិយាយថាជារឿងកំប៉េកកំប៉ុកទៀតផង ។
មហាជនបានសំណូមពរទៅលោក នាយឧត្តមសេនីយ៍ ស្នងការ សូមដាក់វិន័យកងកម្លាំងអោយបានស្មើរគ្នាផងកុំឱ្យមានបក្ខពួកនិយមដូច្នេះ៕ ជ្រោយពេជ្រ