ប្រទេសថៃ៖ ស្ត្រីម្នាក់ដែលជាពលករខ្មែរធ្វើការងារក្នុងប្រទេសថៃ ត្រូវបានក្រុមកម្មករមួយក្រុមដែលជាពលករខ្មែរដែរនោះ វាយបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ ក្នុងរឿងជម្លោះជាមួយប្តីស្រ្តីរងគ្រោះ ពាក់ព័ន្ធនឹងស្នេហាត្រីកោណ។ ហេតុការណ៍កើតឡើងកាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងខេត្តប៉ាធំថានី ប្រទេសថៃ។
សេចក្តីរាយការណ៍ពីប្រទេសថៃឱ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះជុំ មឿត អាយុ៤០ឆ្នាំ ជាកម្មករសំណង់នៅប្រទេសថៃ មានស្រុកកំណើតនៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ។ បើតាមប្រភពព័ត៌មានពីប្តីស្រ្តីរងគ្រោះឈ្មោះ សៃ មួត អាយុ៤០ឆ្នាំ ប្រាប់ឱ្យដឹងថា ពាក់ព័ន្ធនឹងការវាយសម្លាប់ពីសំណាក់ក្រុមកម្មករខ្មែរទៅលើប្រពន្ធប្រពន្ធរបស់ខ្លួន ដោយសារបុរសម្នាក់មានឈ្មោះ សៀវ ដែលជាកម្មករសំណង់ធ្វើការងារជាមួយគ្នា ធ្លាប់ចោទប្រកាន់មកលើរូបគាត់ថា បានទៅលបលួចស្នេហាប្រពន្ធរបស់គេ ដោយលោកមិនដែលមានទំនាក់ទំនងជាមួយប្រពន្ធឈ្មោះ សៀវនោះទេ។ រវាងឈ្មោះ សៀវ និងរូបគាត់ សៃ មួត ធ្លាប់ឈ្លោះប្រកែកគ្នាម្តងកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។
បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា មុនពេលកើតហេតុ ប្តីស្រ្តីរងគ្រោះមិននៅផ្ទះនោះទេ នៅតែកូនស្រ្តីម្នាក់ជាមួយ និងស្រ្តីរងគ្រោះ។ លុះបន្ទាប់មកស្រាប់តែឈ្មោះ សៀវ និងមានមនុស្ស៣ទៅ៤នាក់ទៀត នាំគ្នាដើរសម្រុកចូលកន្លែងខ្ទមដេករបស់ស្រ្តីរងគ្រោះ ហើយពួកវាបាសួររកប្តីស្រ្តីរងគ្រោះឈ្មោះសៃ មួត នៅពេលនោះស្រ្តីរងគ្រោះឆ្លើយថា ប្តីរបស់នាងមិននៅទេ បើមានការអីចាំជួបនិយាយគ្នាពេលព្រឹកស្អែកទៅ។ ខណៈនោះ ស្រាប់តែក្រុមជនល្មើសបានយកដំបង និងកាំបិត វាយ និងកាប់ទៅលើស្រ្តីរងគ្រោះបណ្តាលឱ្យរងបួស ចំសៀតផ្កាខាងស្តាំ និងវាយជាច្រើនដំបងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ក្រុមជនបង្កក្រោយពីវាយសម្លាប់ស្រ្តីរងគ្រោះ ក៏នាំគ្នារតគេចខ្លួនបាត។ សាកសពស្រ្តីរងគ្រោះក៏ត្រូវបានប្តី និងសាច់ញាតិសម្រេចធ្វើបុណ្យតាមប្រពៃណីនៅប្រទេសថៃ ដោយបូជាយកឆ្អឹងមកស្រុកវិញ។
គ្រួសាររងគ្រោះអះអាងថា ស្គាល់អត្តសញ្ញាណជនបង្កហើយ និងដាក់ពាក្យបណ្តឹងទាមទាររកយុត្តិធម៌នៅព្រឹកថ្ងៃទី៦ ខែមីនាឆ្នាំ២០១៧នេះ ក្នុងនោះគ្រួសាររងគ្រោះក៏បានអំពាវនាវសុំមន្ត្រី និងសមត្ថកិច្ចក្រសួងពាក់ព័ន្ធ មេត្តាជួយធ្វើយ៉ាងណាជួយចាប់ជនសង្ស័យដើម្បីយកមកផ្តន្ទាទោសផង ព្រោះពេលនេះពួកគេកំពុងគេចខ្លួនមកពីដីថៃ ហើយម្នាក់នៅខេត្តកំពត និង២នាក់ជាបងប្អូនបង្កើតនៅខេត្តបន្ទាយមានជ័យ ៕ សំ វិច្ឆិកា