ខេត្តកណ្តាល៖ ផលិតកម្មឥន្ទ្រានិម្មិត បានប្រកាសចេញថតភាពយន្តថ្មីរឿង សសរកន្លោង របស់ខ្លួន ហើយដោយបូករួមបន្ថែមទាំងកម្មវិធីចែកអំណោយដល់ជនទីទ័លក្រជាច្រើននាក់នៅតំបន់វិហារសួគ៌ ។ កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលី កាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នាទឹកដីវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានតារាសម្តែងថៅកែ ផលិតកម្មផលិតករ និងតារាមួយចំនួនទៀត ។
បន្ទាប់ពីបានទទួលជោគជ័យខ្លាំងក្នុងរឿងទី១ «កំណត់ហេតុនាងនាថ» ផលិតកម្មឥន្ទ្រានិម្មិតបានប្រកាសចេញថតភាពយន្តទីពីររបស់ខ្លួន ដែលទស្សនិកជនកំពុងទន្ទឹងរង់ចាំទស្សនា ។
អ្នកស្រីចាន់ណា សុខឃីម ចាងហ្វាងផលិតកម្ម ឥន្ទ្រានិម្មិតបានការនាំតារា និងក្រុមការងាររបស់ផលិតកម្មឥន្រ្ទានិម្មិតនៅលើតំបន់ស័ក្តិសិទ្ធិរបស់វត្តវិហារសួគ៌ ព្រោះរំពឹងថា បារមីនៅវត្តវិហារសួគ៌នឹងជួយឃុំគ្រងថែរក្សាសិល្បករ និងក្រុមការងារឲ្យបានសេចក្តីសុខក្នុងការថតរឿងថ្មីនេះ ឲ្យទទួលបានជោគជ័យ និងដឹងគុណបារមីវត្តវិហារសួគ៌ដែលជាវត្តមួយមានភាពល្បីល្បាញចំពោះប្រជាជនកម្ពុជាផងដែរ។
អ្នកស្រីបន្តថា កម្មវិធីនេះក៏ភ្ជាប់ជាមួយនឹងកម្មវិធីសប្បុរសធម៌ ដោយការចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រក្នុងតំបន់នេះជាង១០០នាក់ផងដែរ។ អ្នកស្រីបញ្ជាក់ថា ផលិតកម្មចង់ចូលរួមចំណែកខ្លះចូលរួមការងារសង្គម ដែលមិនត្រឹមតែជាការជួយលើកតម្កើងសិល្បៈភាពយន្តខ្មែរតែមួយមុខនោះទេ។ អ្នកស្រីថា វិហាសួគ៌ជាទឹកដីស័ក្កិសិទ្ធិ ហើយមានឈុតឆាកជាច្រើននៅក្នុងរឿង សសរកម្លោង នេះក៏នឹងថតនៅលើទឹកដីខេត្តកណ្តាលផងដែរ។ អ្នកស្រីថា ភាពយន្តទី២របស់ផលិតកម្មឥន្ទ្រានិម្មិតនឹងត្រូវបានសម្រិតសម្រាំងកាន់តែខ្លាំងជាងរឿង កំណត់ហេតុនាងនាថ បើទោះបីជារឿងទី១ទទួលបានការគាំទ្រច្រើនលើសលប់ក៏ដោយ គឺផលិតកម្មនឹងស្វែងរកអ្វីដែលថ្មីមិនធ្លាប់មានបង្ហាញអ្នកគាំទ្រ និងមិនឲ្យពួកគាត់អស់សង្ឃឹមនោះទេ ។
គួរបញ្ជាក់ដែរថា ភាពយន្តរឿង សសរកម្លោង នឹងចាប់ផ្តើមផលិតចាប់ពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ដោយត្រូវចំណាយពេលថតប្រមាណជិតមួយខែ និងត្រូវប្រើប្រាស់ដើមទុនច្រើនជាង៨ម៉ឺនដុល្លារអាមេរិក។ តារាសម្តែងនៅក្នុងរឿងនេះ មានកញ្ញាយ៉ែម ស្រីពេជ្រ លោកទ្រី តារាវុធ លោកភី ម៉ៃ អ្នកនាងប៉េង ប៉ោង លោកហេង ចាន់វិសាល អ្នកនាងឆៃលី ដាឡែន លោកហ៊ុន សុភី និងតារាសម្តែងថ្មី ដែលសុទ្ធសឹងតែជាFeshie Boy និងFreshie Girl មានសម្រស់ស្រស់ស្អាតសង្ហារ និងមានសមត្ថភាពខ្ពស់ក្នុងការសម្តែងផងដែរ ៕ វឌ្ឍនា