ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធគម្រោងពង្រីករោងចក្ររបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ខែមីនា ឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីថា បើបរិយាកាសអាប់អួម្លេ៉ះមិនមានអ្នកវិនិយោគទុនមករកស៊ីនៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានលើក ឡើងថា បើប្រទេសកម្ពុជាត្រូវបានគេមើល ឃើញអំពីភាពអវិជ្ជមានភាពអាប់អួនិង ភាពមិនច្បាស់លាស់នោះ ម្លេ៉ះវិនិយោគិន ជាតិនិងអន្តរជាតិនឹងមិនចំណាយទុនមក វិនិយោគនៅកម្ពុជានោះទេ។ ប៉ុន្តែបើទោះបី កម្ពុជាសម្រេចបានលទ្ធផលល្អប្រសើរ ដូច្នេះក្ដីបើតាមសម្ដេចរាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តអនុវត្តការងារសំខាន់ៗដូចជាការកែលម្អបរិស្ថានវិនិយោគ ការសម្រួលខាងពាណិជ្ជកម្ម ការអភិវឌ្ឍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការសម្របសម្រួល ឱ្យមានភាពស៊ីចង្វាក់គ្នារវាងវិស័យអប់រំនឹងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងគោលដៅឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការ បន្តជំរុញធ្វើពិពិធកម្មប្រភពនៃកំណើនសេដ្ឋ កិច្ចឱ្យមានប្រសិទ្ធភាព។
ជាមួយគ្នានេះដែរសម្ដេចតេជោក៏ឆ្លៀតឱកាសធ្វើអត្ថាធិប្បាយថា មានគេឌឺឱ្យកម្ពុជា ថា ជាសង្គមស៊ីផឹកប៉ុន្តែខ្ញុំបកទៅវិញថានៅ ប្រទេសបារាំង អាល្លឺម៉ង់ដែលផលិតស្រា និងស្រាបៀរដែរ តើជាសង្គមស៊ីផឹកដែរ ឬយ៉ាងណា? សម្ដេចតេជោបានបញ្ជាក់ ថា មនុស្សលើពិភពលោកត្រូវការស៊ីផឹក ដូច្នេះហើយបានជាសហភាពសូវៀតជំនាន់មុនបានធ្វើកំណែទម្រង់ឡើងវិញឱ្យមាន ស្រា។ ប៉ុន្តែបើទោះជាដូច្នេះក្ដីសម្ដេចតេជោបានថ្លែងថាសម្ដេចមិនចេះពិសាស្រាទេ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍បញ្ជាក់ម្តងទៀតថា ប៉ុន្មានថ្ងៃមុនមានការបែកធ្លាយសំឡេង តាមបណ្តាញសង្គមហ្វេសបុ៊កដែលមានការសន្ទនាតាមទូរស័ព្ទរវាងសម្តេចផ្ទាល់នឹងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះ ជាតិ ។
ទាក់ទងរឿងនេះសម្តេចតេជោបាន បញ្ជាក់ថា នោះជាសំឡេងសម្តេចពិតប្រាកដ មែន ប៉ុន្តែបែរជាមានអ្នកនៅក្រៅប្រទេសលើកឡើងថាកាត់តទៅវិញ។ សម្តេច តេជោបន្ថែមថា ម្ចាស់ខ្លួនមិនហ៊ានចេញ មុខមកទេ តែបើសិនជាហ៊ានប្រកែកអាចទៅស្បថបាន។
សម្តេចតេជោបានបញ្ជាក់ថា សម្តេចនៅមានឯកសារឆ្លើយឆ្លងជាច្រើនទៀតតាម រយៈប្រព័ន្ធ Whats App និងឯកសារផ្សេងៗ ជាច្រើនទៀត ដោយសម្តេចតេជោសង្កត់ធ្ងន់ ថា បើជ្រុលតែបែកធ្លាយសំឡេងសន្ទនារវាង សម្តេចនឹងលោក កឹម សុខា ប្រធានគណ បក្សសង្គ្រោះជាតិហើយនោះគួរតែបញ្ចេញសំឡេងនិងការសន្ទនាគ្នាទៅវិញទៅមកទាំងអស់តែម្តង ៕ ហេង សូរិយា