ភ្នំពេញ៖ ស្ត្រីម្នាក់បានរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ខណៈរូបគាត់ ទើបតែយកម៉ូតូដែលបង់រំលោះមកពីបិតស្គុត ហើយទុកនៅមុខបន្ទប់ជួល រួចឡើងទៅហូបបាយមួយភ្លេត ពេលចុះមកវិញ ស្រាប់តែចោរកាច់សោយកទៅបាត់ កាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខបន្ទប់ជួលភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ស្ត្រីរងគ្រោះមានឈ្មោះ នុត វ៉ាន់ នី អាយុ៤៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល៦ ជាន់ទី២ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
តាមការរៀបរាប់របស់ស្ត្រីខាងលើប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគាត់បានយកម៉ូតូ១គ្រឿង ម៉ាកហុងដា សេ ១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ មិនទាន់មានស្លាកលេខ យកទៅបិតស្គុត ពេលបិតរួច ក៏ជិះមកផ្ទះវិញ ហើយទុកម៉ូតូនោះនៅក្រោមជណ្តើរក្នុងបរិវេណផ្ទះជួល មុខបន្ទប់ហើយរូបគាត់ក៏ឡើងទៅហូបបាយនៅបន្ទប់របស់ខ្លួនជាន់ទី២ ដោយចាក់សោដល់ទៅ៣ជាន់យ៉ាងត្រឹមត្រូវ។
ប្រភពបន្តថា ពេលហូបបាយរួច គាត់ក៏ចុះមកក្រោមមើលម៉ូតូ ស្រាប់តែបាត់ដោយនៅសល់តែមេសោ ដែលគាត់ចាក់តែប៉ុណ្ណោះ។ ស្ត្រីម្ចាស់ម៉ូតូនិយាយថា រូបគាត់មិនមានលុយទេ ហើយម៉ូតូដែលបាត់នោះ គឺគាត់ទៅបង់រំលោះពីក្រុមហ៊ុន ទើបតែបាតរយះពេល២សប្តាហ៍ប៉ុណ្ណោះ ឥឡូវត្រូវចោរកាច់សោយកទៅបាត់ទៀត ដោយមិនទាន់បង់លុយអោយក្រុមហ៊ុនម៉ូតូគ្រប់ផង ហើយម៉ូតូនោះទិញក្នុងតម្លៃ២០៣០ដុល្លារ ហើយប្រាក់ដែលត្រូវបង់រំលោះប្រចាំខែចំនួន៧៦.១៩ដុល្លាក្នុង១ខែ ។ ក្រោយមកគាត់ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាអោយជួយអន្តរាគមន៍តែម្តង៕ តុង សីហា