ខេត្តកំពង់ធំ៖ រថយន្តដឹកដំឡូងមី មួយគ្រឿងបានបង្កប់ឈើក្តារពីក្រោមបាតរថយន្ដ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោក អុក សាដន មេបញ្ជាការរងចុះបង្ក្រាបកាលពីសៀលថ្ងៃទី៧ ខែមីនា ឆ្នាំនៅ២០១៧ ចំណុច ភូមិទំអរ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កប់ឈើនេះ គឺរបស់ឈ្មួញឈ្មោះ ផេន នៅភូមិត្រពាំងជ្រៃ ឃុំបល្ក័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានដឹកចេញពីស្រុកសណ្តាន់ គោលបំណង ដឹកចូលដេប៉ូឈើ ចែម៉ៅនៅភូមិចុងដូង ស្រុកបារាយណ៍ តែត្រូវអស់លក្ខណ៍ ជាប់អន្ទាក់សមត្ថកិច្ចតែម្តង។
គួរបញ្ជាក់ថា សកម្មភាពរថយន្តដឹកឈើនេះ បានដឹកជញ្ជូនយូរហើយ តែគ្មានអ្នកបង្ក្រាបទេ កន្លងមក មិនដែលឃើញជំនាញរដ្ឋបាលព្រៃឈើណាម្នាក់ហ៊ានបង្ក្រាប ព្រោះខ្លាចឈ្មួញ ខឹងព្រោះឈ្មួញកាច ។
សមត្ថកិច្ចបន្តថា ឈើនេះជាឈើក្តារ ប្រភេទលេខ២ សមត្ថកិច្ចកំពុងវាស់វែង ចាត់វិធានការតាមច្បាប់៕ ប៊ុន រិទ្ធី