ព័ត៌មានទាន់ហេតុការណ៍៖

សម្ពោធសមិទ្ធផលនានាឆ្លងស្រះទឹកប្រាសាទ និងអភិសេកព្រះបដិមានៅវត្តភូមិធំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាសម្ដេចអគ្គមហាសង្ឃរាជ ទេព វង្ស និងជាព្រះមេគណខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា ឆ្លងស្រះទឹកប្រាសាទ និងអភិសេកព្រះពុទ្ធបដិមាកាលព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅវត្តភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

នាឱកាសនោះ ព្រះវិជ្ជានុរក្ខញាណ ខឹម សុផន រាជាគណៈថ្នាក់កិត្តិយសព្រះសមុហ៍គណខេត្តកណ្ដាល ព្រះអនុគណស្រុកកៀនស្វាយ និងជាព្រះគ្រូចៅអធិការវត្តស្លាកែតបាននិមន្តចូលរួមក្នុងពិធីនេះផងដែរ ។

ព្រះគ្រូចៅអធិការវត្តភូមិធំ បានមានសង្ឃដីការថា ការកសាងទីអារាមដោយការសាមគ្គី ឯកភាពគ្នា ពីសំណាក់លោកអាចារ្យ គណៈកម្មការពុទ្ធបរិស័ទ្ធ សប្បុរសជន ជិតឆ្ងាយ ជាពិសេសមានការគាំទ្រពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានចាប់ផ្ដើមកសាងសមិទ្ធផលនានា មានដូចជាព្រះវិហារ សាលាឆាន់ កុដិ របង ក្លោងទ្វារ និងសមិទ្ធផលជាច្រើនទៀត រហូតដល់បច្ចុប្បន្ននេះ ។

ការដាក់សម្ពោធកាត់ខ្សែបូ ឆ្លងស្រះទឹកប្រាសាទទាំង៤ទិសនេះ គឺមានទំហំទទឹង២២ម៉ែត្រ និងបណ្ដោយ៣២ម៉ែត្រ ដែលបានចាប់ផ្ដើមកសាងនៅថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០១៤ ហើយបានសម្រេចជាស្ថាពរនៅថ្ងៃពុធ ត្រូវនិងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ដោយចំណាយថវិកាសរុបចំនួនជាង១៩លានរៀល និងប្រាក់ដុល្លារចំនួន២ម៉ឺន២ពាន់១៨៨ដុល្លារ។

បន្ទាប់មក លោក សុទ្ធ គឹមច័ន្ទ អភិបាលស្រុកស្វាយជ្រំ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីថ្នាក់ដឹកនាំគឺសម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជន និងជាប្រធានរដ្ឋសភាជាតិ សម្ដេចបានផ្ដាំផ្ញើសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមជូនពរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ សូមជួបប្រទះតែសេចក្ដីសុខចំរើន និងសុភមង្គលគ្រប់ក្រុមគ្រួសារ ។

លោកក៏បានឲ្យដឹងទៀតថា ជាការពិតណាស់ ព្រះពុទ្ធសាសនាត្រូវបានបំផ្លាញទាំងស្រុងនៅក្នុងរបរប្រល័យពួជសាសន៍ប៉ុលពតក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដោយប្រជាពលរដ្ឋរងទុក្ខវេទនាក្រោមទណ្ឌកម្ម មហាឃោរឃៅ ដែលពុំអាចបំភ្លេចបាន ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋភិបាល ដែលមានសម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់អស់កំលាំងកាយចិត្ត ដើម្បីថែរក្សា លើកតំកើន និងអភិវឌ្ឍន៍ព្រះពុទ្ធសាសនាឲ្យស័ក្តិសមជាសាសនារបស់រដ្ឋ តាមរយៈការធ្វើបុណ្យទានផងដែរ ។

លោក ក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋ ចួលរួមផ្សព្វផ្សាយអំពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងផលប៉ះពាល់នៃការប្រើប្រាស់នូវសាធាតុញៀន ប្រគេននិងជូនដល់ព្រះសង្ឃរពុទ្ធបរិស័ទគ្រប់វត្តអារាមផងដែរ ។

លោកអភិបាលស្រុកស្វាយជ្រំបានបន្តថា ធនាគារ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ អង្គការ សមាគម ដែលដាក់លុយ ឲ្យប្រជាពលដ្ឋខ្ចីនោះ មិនមែនជារបស់រដ្ឋនោះទេ សូមប្រជាពលរដ្ឋទាំងកុំយល់ច្រឡំ ព្រោះមានគណបក្សមួយបានដើរនិយាយថា បើបក្សគេជាប់ឆ្នោត គេនឹងជួយលុបបំណុលធនាគារ ទាំងអស់នេះ ជាឃោសនាបោកប្រាស់ទេ សូមបងប្អូនប្រជាពលរដ្ឋ កុំជឿតាមការឃោសនានេះអី ។

ជាចុងក្រោយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់នាំគ្នាគោរពច្បាប់ចរាចរណ៍ ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព ព្រោះជីវិតរបស់យើងម្នាក់ៗ គឺមិនមានលក់នៅលើទីផ្សានោះទេ ៕ យឹម សុថាន
ae (2) ae (3) ae (4) ae (5) ae (6)

ae (1)


ចែករំលែក៖