ខេត្កណ្តាលៈ បុរសម្នាក់ទើបតែរៀបមង្គលការបាន២ថ្ងៃដឹកស្ត្រីជាប្រពន្ធ និងក្មួយៗ៣នាក់ទៀតដើរលេង ខណៈនោះក៏មានរថយន្តម៉ាកCRVបើកជែងធ្វើឲ្យកម្ទេចថ្មខ្ទាតមកលើរថយន្តរបស់ខ្លួនកំពុងបើកបរ ធ្វើឲ្យបុរសចិត្តខ្លាំងជាងប៉ែតផ្ទុះក្តីខឹងសម្បារយ៉ាងខ្លាំងក៏ជាន់ហ្គ្រាបន្ថែមល្បឿនទាំងកំហឹង ដើម្បីមើលមុខតៃកុងរថយន្តCRV ទើបបណ្តាលឲ្យជ្រុលចង្កូតបុកចូលក្នុងរោងមង្គលការកូនអ្នកស្រុកនៅក្បែងចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើង ធ្វើឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៧ និង០៥នាទី ថ្ងៃទៅ០៨ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តសេលីកា ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកជនរងគ្រោះដែលរងរបួសធ្ងន់២នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា អ្នកបើកបររថយន្តដែលត្រូវបានឃាត់ខ្លួនឈ្មោះ លឹម ហុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកបររថយន្តម៉ាកសេលីកា ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ។ ចំណែកឯជនរងគ្រោះ ទី១-ឈ្មោះ ពិត គង ភេទប្រុស អាយុ៦០ឆ្នាំ ទី២-ឈ្មោះ គីម វី ភេទប្រុស អាយុ៤៣ឆ្នាំ ។ ជនរងគ្រោះទាំង២នាក់រងរបួសបាក់ជើង មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ទី៣-ឈ្មោះ យ៉ុន យ៉េត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករ (រងរបួសស្រាល) មានទីលំនៅភូមិទ្រាក ឃុំមេម៉ង ស្រុកមេមុត ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុប្រជាពលរដ្ឋនៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង បានសាងសង់រោងដ៏ប្រណិត ដើម្បីរៀបចំពិធីមង្គលការកូនប្រុសស្រី នៅថ្ងៃទី០៩-១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅលើចិញ្ចើមផ្លូវជាតិលេខ២១B ។ ពេលជាងកំពុងសាងសង់ជនរងគ្រោះទាំង៣នាក់ ក្នុងនោះមានម្នាក់ជាកម្មកររបស់ម្ចាស់ដើមការ បាននាំគ្នាទៅឈរមើល ខណៈនោះស្រាប់តែរថយន្តបង្កបើកបុករះចូលទៅដល់ក្នុងរោងមង្គលការ បណ្តាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើង និងធ្វើឲ្យជនរងគ្រោះទាំង៣នាក់រងរបួសធ្ងន់ស្រាល ។
អ្នកបើកបររថយន្តបង្កបានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្អាងយ៉ាងដូច្នេះថា នៅមុនពេលកើតហេតុរូបគេបានបើករថយន្តដឹកស្ត្រីជាប្រពន្ធដែលទើបនឹងរៀបការបាន២ថ្ងៃ ព្រមទាំងក្មួយៗ៣នាក់ទៀត តាមបណ្តោយផ្លូវជាតិលេខ២១Bក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកជិតដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកCRVមួយគ្រឿងបើកជែង បណ្តាលឲ្យកម្ទេចថ្មខ្ទាតមកលើរថយន្តរបស់ខ្លួនយ៉ាងដំណំ ។ អ្នកបើកបររថយន្តបង្កបានបន្តទៀតថា ដោយសារតែការបើកបររបស់អ្នកបើករថយន្តCRVគ្មានសិលធម៌បែបនេះបានធ្វើឲ្យរូបគេខឹងសម្បាយ៉ាងខ្លាំង ក៏ព្យាយាមបន្ថែមល្បឿនឡើងជែងដើម្បីមើលមុខអ្នកបើកបររថយន្តCRVនោះ ខណៈកំពុងជែងក៏បានជួបឧបសគ្គនៅខាងមុខ ទើបរូបគេព្យាយាមកាច់ចង្កូតគេចចេញពីរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យជ្រុលទៅបុកចូលរោងមង្គលការយ៉ាងដូច្នេះ៕ ស្អាងជ័យ