ភ្នំពេញ: នារីម្នាក់ត្រូវក្រុមចោរស្ទាក់ប្លន់យកទូរសព្ទដៃ ម៉ាក IPhone6 និងលុយ៣០០ដុល្លារ ទៅបាត់ដោយសុវត្ថិភាព ខណៈរូបនាងជាមួយនិងមិត្តប្រុស បាននាំគ្នាទៅរាំលេងនៅក្នុងក្លឹប Avalon ដើម្បីអបអរថ្ងៃ៨ មីនា ជាថ្ងៃសិទ្ធិនារី ហើយទាស់សំដីគ្នាជាមួយមិត្តប្រុសតិចតួចហើយដើរចេញទៅវិញតែម្នាក់ឯង ។
ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង៣ និង៣៥នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវសហពន្ធ័រុស្ស៊ី ក្បែរក្រសួងពាណិជ្ជកម្ម ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងរងគ្រោះនិងមិត្តប្រុសបាននាំគ្នាចូលទៅរាំលេងកម្សាន្តនៅក្នុងក្លឹប Avalon ដើម្បីអបអរថ្ងៃ៨ មីនា ជាថ្ងៃសិទ្ធិនារី លុះដល់យប់ជ្រៅបន្តិច ក៏មានការទាស់សម្ដីគ្នាបន្តិចបន្តួចជាមួយមិត្តប្រុសរបស់នាងធ្វើឲ្យនារីរងគ្រោះអន់ចិត្ត ក៏បានចេញមកខាងក្រៅក្លឹបមុន ហើយដើរតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ីតែម្នាក់ឯង ពេលនោះស្រាប់តែលេចមុខក្រុមចោរមួយក្រុមមានគ្នា៤នាក់ បានមកស្ទាក់ គំរាមប្លន់ នារីរងគ្រោះឲ្យដោះកងដៃ ខ្សែកឲ្យពួកគេ ដោយនារីរងគ្រោះមិនព្រមឲ្យជនសង្ស័យនោះ ក៏ឆក់ទាញកាបូបរបស់នាង ដែលមានទូរសព្ទ IPhone6 មួយគ្រឿង រួមទាំងលុយ៣០០ដុល្លារទៀត នាំគ្នាគេចខ្លួនដោយសុវត្ថិភាព។
ក្រោយពីកើតហេតុ នារីរងគ្រោះបានត្រឹមឈរយំ ម្នាក់ឯងស្តាយរបស់ដែលត្រូវចោរប្លន់យកទៅបាត់ ហើយពេលនោះ ក៏មានបុរសម្នាក់ បានអះអាងថា ខ្លួនជាមិត្តប្រុស ក៏លួងលោមនារីគ្រោះឲ្យជិះម៉ូតូឌុប ត្រឡប់ទៅផ្ទះរបស់គេវិញ ដោយមិនចង់ដាក់ពាក្យបណ្តឹងអ្វីឡើយ ហើយចំណែកឯសមត្ថកិច្ចវិញ ទោះជាមានប្រជាពលរដ្ឋម្តុំនោះរាយការណ៍ទៅប្រាប់ដើម្បីចុះមកសួរនាំក្នុងរឿងនេះ ក៏មិនឃើញមានសមត្ថកិច្ចណាម្នាក់ចុះមកនោះដែរ។
គួរបញ្ជាកដែថា កន្លងមកមានករណីឆក់ ប្លន់ លួច គាស់ផ្ទះយកទ្រព្យសម្បត្តិជាញឹកញាប់គេមិនដែលឃើញសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាបង្ក្រាបមួយករណីណានោះទេ ប្រជាពលរដ្ឋបានរិះគន់ថាសង្ស័យលោកនាយប៉ុស្តិ៍អសមត្ថភាពក្នុងការបង្ក្រាបបទល្មើសផងកមិនដឹង៕ តុង សីហា