ខេត្តបាត់ដំបង+បន្ទាយមានជ័យ៖ ២ថ្ងៃជាប់គ្នា ខេត្តចំនួន២ គឺខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ត្រូវគេមើលឃើញថា បានរងគ្រោះដោយអគ្គិភ័យជាបន្តបន្ទាប់បណ្តាលលំនៅឋានប្រជាពលរដ្ឋសរុបចំនួន៤ខ្នង រងការឆាបឆេះអស់ទាំងស្រុង កើតឡើងចំនួន៤លើក នៅខេត្តបន្ទាយមានជ័យ២លើក និងខេត្តបាត់ដំបង២លើក។
អគ្គិភ័យមិនបង្កឱ្យរងរបួស និងគ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋនោះទេ គ្រាន់តែលំនៅឋាន និងទ្រព្យសម្បត្តិម្ចាស់ផ្ទះរងគ្រោះរងការខូចខាតបាត់បង់ដោយគ្មានសល់នោះឡើយ។ អគ្គិភ័យនោះបានកើតឡើងគ្រាដែលអាជ្ញាធរ និងសមត្ថកិច្ចបានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់នៅរដូវខែប្រាំង ហួតហែងដែលមានបញ្ហាប្រឈមទៅនឹងអគ្គិភ័យ ងាយនឹងកើតឡើង ។ សមត្ថកិច្ច ជាពិសេសនគរបាលខេត្តទាំងពីរ ក៏ធ្លាប់បានធ្វើសមយុទ្ធហ្វឹកហាត់ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យដើម្បីត្រៀមជួយសង្រ្គោះ និងបង្ការទប់ស្កាត់បញ្ហាអគ្គិភ័យនេះផងដែរ ។
នៅខេត្តបន្ទាយមានជ័យ អគ្គិភ័យកើតឡើង២ករណីផ្សេងគ្នា ផ្ទះថ្មប្រក់ដំបូលក្បឿង១ខ្នង ទំហំ៨ម៉ែត្រគុណ១៣ម៉ែត្រ ស្ថិតនៅឃុំសំរោងស្រុកអូរជ្រៅ និងផ្ទះ១ខ្នងទៀតធ្វើអំពីឈើ ប្រក់ស័ង្កសី ទំហំ៧ម៉ែត្រគុណ៨ម៉ែត្រ ស្ថិតក្នុងឃុំសំបួរ ស្រុកមង្គលបុរី ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង១ខ្នង និង១ខ្នងទៀត ឆេះអស់ស្ទើរទាំងស្រុង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៧ បណ្តាលឱ្យរងការខូចខាតទ្រព្យសម្បត្តិមាសប្រាក់គ្រឿងអលង្ការនៅក្នុងផ្ទះយ៉ាងសន្ធឹកសន្ធាប់។ អគ្គិភ័យកើតឡើងត្រូវគេមើលឃើញថា រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តក៏បានចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង ទប់ស្កាត់មិនឱ្យរាលដាលទៅឆាបឆេះផ្ទះប្រជាពលរដ្ឋជិតខាងថែមទៀតនោះឡើយ។ម្ចាស់ផ្ទះរងគ្រោះនៅស្រុកអូរជ្រៅត្រូវបាគេស្គាល់ឈ្មោះនួន ខេល ភេទប្រុសអាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ហេវ រ៉ូប៉ី អាយុ៣៤ឆ្នាំ ចំណែកម្ចាស់ផ្ទះរងគ្រោះនៅស្រុកមង្គលបុរីមានឈ្មោះ សូ ជីន ភេទប្រុសអាយុ៣៧ឆ្នាំ ។អគ្គិភ័យខាងលើសមត្ថកិច្ចធ្វើការសន្និដ្ឋានថាបង្កឡើងដោយទុស្សេខ្សែភ្លើង។
ដោយឡែកនៅខេត្តបាត់ដំបង សេចក្តរាយការណ៍ឱ្យដឹងថា អគ្គិភ័យកើតឡើង២ករណីផ្សេងគ្នាផងដែរ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី១ខ្នង ទំហំ៨ម៉ែត្រគុណ១០ម៉ែត្រ ស្ថិតក្នុងភូមិរាមសេនា ឃុំល្វា ស្រុកបវេលខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខណៈដែលម្ចាស់ផ្ទះមិននៅផ្ទះ។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សោម ម៉ៅ ភេទស្រី អាយុ៧០ឆ្នាំ អគ្គិភ័យនេះបង្កឱ្យឆេះប្រាក់ខ្មែរប្រាក់ថៃ និងគ្រឿងអលង្ការមួយចំនួនផងដែរ។អគ្គិភ័យត្រូវបានសមត្ថកិច្ចសន្និដ្ឋានឱ្យដឹងថាបង្កឡើងដោយទុស្សេខ្សែភ្លើង។ នៅខេតត្តបាត់ដំបងនោះដែរផ្ទះ១ខ្នងទៀតធ្វើអំពីឈើប្រក់ស័ង្កសីទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងកាលពីថ្ងៃទី៧ ខែមីនា ឆ្នា២០១៧ ស្ថិតក្នុងភូមិចារ ឃុំអន្លង់រុន ស្រុកថ្មគោល បង្កឡើងដោយផ្ទុះកំប៉ុងហ្គាសដាំបាយ។ អគ្គិភ័យនោះក៏រាលដាលទៅឆេះរោងគោដំបូលស្បូវទំហំ៤ម៉ែត្រ៧ម៉ែត្របន្ថែមទៀត។អគ្គិភ័យបណ្តាលឱ្យរងការខូចខាតទ្រព្យសម្បត្តិមាសប្រាក់មួយចំនួនផងដែរ។ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សាញ់ ផាត ភេទប្រុសអាយុ៥១ឆ្នាំ៕ សំ វិច្ឆិកា