ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា ការរិះគន់ហួសព្រំដែនត្រូវតែមានទោស

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា ការប្រើវោហារស័ព្ទ បំបែកបំបាក់ដៃគូនយោបាយគឺតែងតែមាន ទៅវិញទៅមកជារឿងធម្មតា ប៉ុន្តែបែកឬ មិនបែកអាស្រ័យទៅលើសាមីជនគណ បក្សផ្ទាល់ខ្លួន ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍បន្តថា ក្នុងសង្គមប្រជាធិបតេយ្យ សេរីពហុបក្សគឺមិនដែលមានគណបក្សណាចង់ឲ្យដៃគូ ប្រកួតប្រជែងរបស់ខ្លួនខ្លាំងនោះទេ។ វាមិន សំខាន់នៅលើដៃគូប្រកួតដែលចង់ឲ្យខ្សោយ ឬចង់ឲ្យរលាយនោះទេ។ ប៉ុន្តែបញ្ហាសំខាន់ គឺកត្តាកំណត់របស់សាមីជនគណបក្ស ផ្ទាល់ខ្លួននីមួយៗប៉ុណ្ណោះមិនអាចបន្ទោសគណបក្សដទៃបានទេ ។

លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាឆ្លើយតបចំពោះការវាយប្រហារខ្លះៗពីក្រុមគណបក្សប្រឆាំង ថា មានជនអគតិមួយក្តាប់តូចបានប្រើសិទ្ធិរបស់ខ្លួនរិះគន់អ្នកដទៃហួសព្រំដែននៃ ក្របខ័ណ្ឌសិទ្ធិក្នុងការបញ្ចេញមតិ ខណៈ ដែលប្រទេសកម្ពុជាបាននិងកំពុងបើក ទូលាយនូវសិទ្ធិសេរីភាពពេញលេញនោះ។ តែយ៉ាងណាក្តីពួកទាំងនោះត្រូវតែទទួល ទោសដោយមិនអាចលើកលែងឲ្យបាន នោះទេ។

ថ្លែងតាមរយៈសារអេឡិចត្រូនិក(តេឡេ ក្រាម) កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ លោក សុខ ឥសាន បានលើកឡើងថា កម្ពុជាបានអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនដូចការលើកឡើង របស់ពួកប្រឆាំងដោយចោទប្រកាន់រាជ រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ថា ការចាប់ក្រុមតំណាងរាស្ត្រដាក់ពន្ធនាគារជាដើមនោះគឺជាការរំលោភបំពានយ៉ាង ខ្លាំងចំពោះការរឹតត្បិតសំឡេងគណបក្សប្រឆាំង និងអ្នករិះគន់ ។

អ្នកនាំពាក្យរូបនេះបានថ្លែងថា យោងតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីកម្ពុជាបានតម្រូវឲ្យកម្ពុជាដើរតាម គោលការណ៍លទ្ធិប្រជាធិបតេយ្យនិងពង្រឹង នីតិរដ្ឋ។ ស្មារតីនេះត្រូវបានបញ្ចូលទៅក្នុងខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជាតាំងពីឆ្នាំ១៩៩៣មក ហើយត្រូវបាន អនុវត្តជារៀងរហូតមកយ៉ាងខ្ជាប់ខ្ជួនដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាក្លាយទៅជាប្រទេសនីតិរដ្ឋយ៉ាងត្រឹមត្រូវ។ ប៉ុន្តែដោយឆ្លៀតពេលដែលកម្ពុជាបើកទូលាយនូវ សិទ្ធិសេរីភាព មានមជ្ឈដ្ឋានមួយចំនួនបានប្រើសិទ្ធិដោយរំលោភហួសព្រំដែននៃក្របខ័ណ្ឌសិទ្ធិបញ្ចេញមតិដែលមានចែងក្នុងមាត្រា៣១ និងមាត្រា៤១នៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចកហរកម្ពុជា។ មជ្ឈដ្ឋានទាំងនោះឆ្លៀតឱកាសវាយប្រហារយ៉ាងអសុរោះ មកលើគណបក្សប្រជាជនកម្ពុជានិងរាជ រដ្ឋាភិបាលកម្ពុជាដោយលំអៀងខាងនយោ បាយក្នុងគោលបំណងទុច្ចរិតបន្ទាបបន្ថោកឥទ្ធិពលនិងប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត។

លោក សុខ ឥសាន បានបញ្ជាក់ទៀត ថា «ករណី ហុង សុខហួរ, អ៊ុំ សំអាន, ថាក់ ទ្បានី គឹម សុខ…សុទ្ធតែជាសកម្មភាព ល្មើសច្បាប់ ដែលមានចរិតពិសពុលបរិហារ កេរ្តិ៍ ញុះញង់ រើសអើងជាតិសាសន៍បង្កឲ្យមានការរំជើបរំជួលអស្ថិរភាពក្នុងសង្គម ជាពិសេសមានចេតនាចង់សម្លាប់ជីវិតនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ចោទ ដល់ថ្នាក់ក្បត់ជាតិ ដូច្នេះជនទាំងនោះត្រូវតែទទួលខុសត្រូវចំពោះអំពើល្មើសច្បាប់ ធ្ងន់ធ្ងររបស់ខ្លួនគ្មានអ្នកណាគាបសង្កត់ លើខ្លួនទេគឺខ្លួនឯងជាអ្នកបង្កើតទោស ទណ្ឌដោយខ្លួនឯង»។

អ្នកនាំពាក្យរូបនេះបន្តទៀតថា អ្នក ណាធ្វើខុសច្បាប់ហើយបើមិនយកច្បាប់ មកប្រើតើឲ្យយកអ្វីមកប្រើវិញ? ជាការ ចាំបាច់ត្រូវតែប្រើច្បាប់ និងតាមរយៈនីតិ វិធីរបស់តុលាការ។ នេះហើយដែលហៅថា ជាប្រទេសនីតិរដ្ឋដែលកម្ពុជាប្រកាន់យកនាពេលបច្ចុប្បន្ននិងអនាគត ៕ ហេង សូរិយា

ser


ចែករំលែក៖