ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនស្ត្រីម្នាក់ ពីបទចាប់ពង្រាត់ និងប៉ងសម្លាប់ទារកម្នាក់ តែមិនបានសម្រេច ខណៈដែលស្ត្រីរងការចោទប្រកាន់ខាងលើ បានយកទារិការុំបិទមាត់ដាក់ក្នុងថង់ផ្លាស្ទីកពណ៌ខ្មៅ ពីមិត្តភក្តិនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យកមកបោះចោលនៅគំនរសំរាមមួយកន្លែងក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នៅវេលាទៀបភ្លឺ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ។
ស្ត្រីដែលរងការចោទប្រកាន់ខាងលើនោះ ឈ្មោះ យិន សុធារ៉ា អាយុ៣៣ឆ្នាំ មុខរបរបោកអ៊ុត ស្នាក់នៅផ្ទះលេខ៥D ផ្លូវលំភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិវាលស្បូវ ឃុំវាលស្បូវ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប៉ូលិសនិយាយថា ជនជាប់ចោទខាងលើត្រូវបានឃាត់ខ្លួនតាមបណ្តឹងរបស់ស្ត្រីម្នាក់ជាម្តាយទារិការងគ្រោះ និងជាដើមបណ្តឹងផង ឈ្មោះ មាស សុវណ្ណា អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧Fផ្លូវបេតុង ក្រុម៤ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការរៀបរាប់របស់ម្តាយទារិកា បានប្រាប់សមត្ថកិច្ច អោយដឹងថា÷ មុនពេលកើតហេតុនេះឡើង កន្លងមកគាត់ និងស្ត្រីសង្ស័យ ជាមិត្តភក្តិគ្នា ហើយតែងតែចេញចូលផ្ទះគាត់ដូចបងប្អូនអីចឹង។ នៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ មុនកើតហេតុ ស្ត្រីខាងលើ ក៏បានមកលេងផ្ទះគាត់ជាធម្មតាដូចសព្វដង លុះដល់យប់បន្តិច មិនចាំម៉ោង ស្ត្រីសង្ស័យបានត្រឡប់ទៅផ្ទះបាត់ដោយមិនប្រាប់ ពេលនោះគាត់ក៏មិនចាប់អារម្មណ៍ថា បាត់កូនឡើយ (កូនដាក់អោយដេកនៅបន្ទប់ឡៅតឿ) ហើយគាត់នៅលេងខាងក្រោម រហូតដល់យប់បន្តិច ខណៈដែលគាត់ឡើងទៅមើលកូនក្នុងបន្ទប់ ទើបដឹងថា “បាត់កូន” ទើបភ្ញាក់ផ្អើលតែម្តង និងនាំគ្នាមក ប្តឹងអាជ្ញាធរ ភូមិ និងដើរស្វែងរកកូនភ្លាមៗដែលបានកំពុងបាត់នោះ ។
ប្រជាពលរដ្ឋដែលមានផ្ទះក្បែរ នឹងផ្ទះម្តាយទារិការងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅម៉ោងប្រហែល៩យប់ថ្ងៃទី៩ ខែមិនា ខណៈដែលពួកគាត់កំពុងតែឈរនៅខាងក្រោយផ្ទះ ស្រាប់តែឃើញមានគេចងថង់ខ្នៅរ៉ូតពីលើវេរ៉ង់ដា ក្រោយផ្ទះរបស់ជនរងគ្រោះចុះមកក្រោមផ្នែកខាងក្រោយផ្ទះ តែពេលនោះគាត់ឆ្ងល់ថា ហេតុអ្វីបានជាគេដាក់ថង់សំរាមមកចោលខាងក្រោយដូច្នេះ? ក្នុងអំឡុងពេលនោះ គាត់ជាប់រវល់និយាយទូរស័ព្ទមិនបានចាប់អារម្មណ៍ មួយសន្ទុះក្រោយមក ស្រាប់តែបាត់ថង់ខ្មៅខាងលើ…ពេលនោះគាត់ស្មានតែខ្មោចលងផង។ លុះដល់យប់បន្តិច ស្រាប់តែឮសំលេងភ្ញាក់ផ្អើលថា “បាត់ទារិកា” ដែលមានផ្ទះទល់ខ្នងគ្នា គាត់ក៏យករឿង នេះទៅ ប្រាប់ដល់ឪពុកម្តាយទារិកាខាងលើ ដើម្បីពិចារណា ស្រាវជ្រាវ ។
បុរសម្នាក់ឈ្មោះ តែ វុទ្ធី អាយុ៣២ឆ្នាំ ជាសាក្សី និងជាអ្នករកឃើញទារក នោះបានបានប្រាប់សមត្ថកិច្ចថា នៅយប់ថ្ងៃកើតហេតុ ពូរបស់គាត់បានផ្តល់ព័ត៌មានតាមទូរស័ព្ទមកប្រាប់ថា អ្នកជិតខាងគ្នាជាមួយគាត់ត្រូវគេលួចកូនបាត់ ហើយបានពឹងពាក់គាត់អោយជួយតាមដាន និងឃ្លាំមើលស្ត្រីម្នាក់ដល់ផ្ទះ ដែលមានការសង្ស័យពីម្តាយទារកនោះ ។
នៅពេលនោះ គាត់មានគ្នា២នាក់ ក៏ទៅលួចសម្ងំឃ្លាំចាំមើលផ្ទះស្ត្រីសង្ស័យ មែនរហូតដល់ម៉ោងប្រហែល៤ទៀបភ្លឺៗបានឃើញស្ត្រីសង្ស័យជិះម៉ូតូចេញពីផ្ទះ នៅពេលនោះគាត់បានជិះតាមពីក្រោយមិនឲ្យដឹងខ្លួនទេ ហើយបានឃើញស្ត្រីសង្ស័យជិះម៉ូតូមកឈប់ក្បែរគំនរសំរាមមួយកន្លែងនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
ពេលនោះគាត់ក៏ជិះម៉ូតូទៅហួសបន្តិចហើយឃើញស្ត្រីសង្ស័យជិះម៉ូតូចេញទៅវិញ ពេលនោះគាត់ក៏បត់ម៉ូតូមកកន្លែងគំនរសំរាមដែលជាកន្លែងស្ត្រីខាងលើឈប់ ស្រាប់តែឃើញទារិកាត្រូវគេរុំស្កុតមាត់ និងច្រកក្នុងស្បោងខ្មៅយកមកប្លុងចោល(នៅមិនទាន់ស្លាប់ទេ) ហើយគាត់ក៏ស្រាយ និងយកទារិកាខាងលើប្រគល់អោយឪពុកម្តាយវិញ។
លុះក្រោយមក ឪពុកម្តាយទារិកា បាននាំខ្លួនជនសង្ស័យមកប្រគល់ឲ្យសមត្ថកិច្ចដើម្បីសាកសួរចាត់ការតាមច្បាប់ ។
ស្ត្រីជាជនសង្ស័យមិនបានឆ្លើយសារភាពអ្វីឡើយនៅចំពោះមុខសមត្ថកិច្ច ដោយនាងនិយាយថា មិនដឹងរឿងអ្វីឡើយ ហើយនាងត្រូវបានគេចោទប្រកាន់ទេ ។
យ៉ាងនេះក៏ដោយ ស្ត្រីសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំសាកសួរស្រាវជ្រាវបន្ត មុនពេលបញ្ជូនខ្លួនទៅតុលាការតុលាការ ៕ តុង សីហា