ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយព បន្ទាប់ពីបុរសម្នាក់បានមកអុកឡុកនិងរើសម្ភារៈ នារីម្នាក់ដែលជាសង្សារចាស់បោះចោលពីក្នុងបន្ទប់ជួលដោយសារចោទនាងថាទៅរករឿងសង្សារថ្មីរបស់គេមិនឲ្យរស់នៅបានសុខ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលលេខ ១៣ ជាន់ទី១ ផ្លូវលំ ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនបង្កមានឈ្មោះ យ៉ង់ ថានី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះ ផ្លូវលំខាងក្រោយបន្ទាយ៩១ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកនារីម្ចាស់បន្ទប់និងជាសង្សារចាស់របស់បុរសបង្កនោះមានឈ្មោះ យ៉ឺន ស្រីចិន អាយុ ២២ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
តាមនារីរងគ្រោះបានឲ្យដឹងថា រួបនាងនិងបុរសបង្កបានស្រលាញ់គ្នាអស់រយៈពេល ២ឆ្នាំមកហើយថែមទាំងរស់នៅជាមួយគ្នាដូចប្តីប្រពន្ធរហូតមានផ្ទៃពោះ ៥ខែ តែបែរជាបុរសជាសង្សារឈ្មោះ យ៉ង់ ថានី មិនអនុញ្ញាតឲ្យទុកទារកនោះឡើយ ដោយឲ្យនាងយកកូនចេញ ក្នុង ពេលរួមរស់នៅជាមួយគ្នា គ្មានមេបាចាស់ទុំណាដឹងឮ។ ក្រោយមកបុរសនោះតែងតែរករឿងនាងមិនឈប់រួចថែមទាំងសុំបែកចែកផ្លូវគ្នាទៀត ហើយដោយរួបគេទាំង២នាក់ទ្រាំលែងបានក៏ចែកផ្លូវគ្នា អស់រយៈពេល ៦ខែមកហើយ។ករណីនេះធ្វើឲ្យនាងរស់នៅឯកោម្នាក់ឯង រីឯបុរសអតីតសង្សារ ក៏វិលត្រឡប់ទៅផ្ទះរបស់គេ នៅក្នុងភូមិព្រៃទាវិញបាត់ទៅ និងបានបង្កើតស្នេហ៍ថ្មីជាមួយស្រីផ្សេង។ ចំណែកនាង ក៏មិនខ្វល់ជាមួយសង្សារដែរ ព្រោះអ្វីៗត្រូវបានបញ្ចប់ជាមួយគ្នារួចហើយ ។
នារីរងគ្រោះបានបន្តថា ក្រោយមកស្រាប់បុរសខាងលើមករករឿងនាងនិង បានមកវាយព្រមទាំងបោះសម្ភារៈក្នុងបន្ទប់ចោលខ្ទេចគ្មានសល់ដោយចោទថាមកពីនាងទើបសង្សារថ្មីគេសុំបែក។ បន្ទាប់មកក៏ចេញទៅបាត់ទៅ ហើយនាងក៏បានរាយការណ៍និងប្តឹងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅជួយអន្តរាគមន៍៕ សុខាសែនជ័យ