ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​កំពូល​ បន្ត​ឃុំ​ខ្លួន​មន្ត្រី​អាដហុក​និង​មន្ត្រី​ គជប​ ក្នុង​ពន្ធនាគារ​ដដែល​​

ចែករំលែក៖

ភ្នំពេញ៖តុលាការកំពូល សម្រេចបន្តឃុំខ្លួនមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូបនិងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ក្នុងពន្ធនាគារដដែល ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក សឹង បញ្ញាវុឌ្ឈ នៅព្រឹកថ្ងៃទី១៣ ខែមីនា សម្រេចតម្កល់សេចក្ដីសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ទុកជាបានការដដែល ពោលគឺ សម្រេចឃុំខ្លួនអ្នកទាំង៥ ក្នុងពន្ធនាគារ បន្តទៀត ។

ក្រុមមន្ត្រីទាំងនេះ នៅតែអះអាងថា ពួកគេកំពុងទទួលរងនូវភាពអយុត្តិធម៌ ។

គួររំលឹកថា ក្រុមជនត្រូវចោទទាំង៥នាក់ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក យី សុខសាន្ត អនុប្រធានសមាគមអាដហុក លោក ណៃ រ៉ង់ដា អនុប្រធានសមាគមអាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់សមាគមអាដហុក ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទ សូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ ។ ដោយឡែកលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ ។ ជាមួយគ្នានេះ លោក សឺន សាលី ជាមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ផង ដែរ ។ បទល្មើសសូកប៉ាន់សាក្សី កំណត់ការផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ ។

ពួកគេទាំងអស់ ត្រូវបានតុលាការរកឃើញថា បានបញ្ចុះបញ្ចូល ឬ លួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ៕ ចេស្តា

 


ចែករំលែក៖