ខេត្តស្វាយរៀងៈ បុរសម្នាក់បានស្លាប់ក្នុងមន្ទីរពេទ្យ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ដោយជិះម៉ូតូល្បឿនលឿនខ្វះការប្រុងប្រយត្ន័ ទៅបុកនឹងរថយន្តកុងតឺន័រទិសដៅបញ្រាសគ្នាពេញទំហឹងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ1 ត្រង់ចំណុចចន្លោះគីឡូ160 ទៅ161 ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសដែលជិះម៉ូតូ ដែលស្លាប់មានឈ្មោះ នុត រដ្ឋា អាយុ៣៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
រីឯអ្នកបើករថយន្តកុងតឺន័រដែលត្រូវនគរបាលឃាត់ខ្លួនមានឈ្មោះ តូច គឹមស្រ៊ាន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមសាក្សីបានឲ្យដឹងថា មុនកើយហេតុមានម៉ូតូ ម៉ាក HONDA C-១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CJ-៤០៧០ បើកបរដោយបុរសម្នាក់ (មិនពាក់មួកសុវត្ថិភាព)ដោយធ្វើដំណើរពីកើតទៅលិច លើកំណាត់ផ្លូវជាតិលេខ១ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ទៅបុករថយន្តកុងតឺន័រ ម៉ាក INTERNATIONAL ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ៣B-៩៧២៧ ទិសដៅ ពីលិចទៅកើតបញ្រាសគ្នាពេញទំហឹងលាន់សូរដូចរន្ទះ បណ្តាលឲ្យអ្នកបាក់ជើងស្ដាំ និងបែកក្បាលហើយស្លាប់ក្នុងមន្ទីរពេទ្យ ។
សមត្ថកិច្ចនគរបាលបន្ថែមថា មូលហេតុ ដោយសារអ្នកម៉ូតូបើកបរល្បឿនលឿនមិនប្រកាន់ស្ដាំ ទើបជួបគ្រោះថ្នាក់បែបនេះ ។
បច្ចុប្បន្ន មធ្យោបាយទាំង២គ្រឿង ព្រមទាំងអ្នកបើកបររថយន្ត ត្រូវបានឃាត់ ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់ ៕ យឹម សុថាន