ទំនាក់ទំនាងរវាងទួរគី និងហុល្លង់ ក៏ដូច ជាតំបន់អឺរ៉ុប ប្រឈមុខតានតឹងដាក់គ្នាក្រោយពេលដែលហុល្លង់មិនអនុញ្ញាតឲ្យយន្តហោះមន្ត្រីការបរទេសទួរគី ចុះចត នៅប្រទេសឡើយ។
កន្លងមកថ្មីៗ ប្រធានាធិបតីទួរគី លោក រេស៊ីប អ៊ែរដូហ្កាន បាន ចោទប្រកាន់ ប្រទេសហុល្លង់ថា ជាអ្នកទទួលខុសត្រូវលើការសម្លាប់រង្គាលលើប្រជាជនអ៊ិស្លាម នៅក្នុងសង្រ្គាមប្រទេសអតីតយូហ្គោស្លាវី។ សង្រ្គាមពាក្យសំដីរវាងទួរគីនឹងបណ្តាប្រទេសអឺរ៉ុប នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧ បាន រាលដាលទៅដល់ការផ្តាច់ ទំនាក់ទំនងសហប្រតិបត្តិការរវាងទួរគីជាមួយសមាជិកអង្គការអូតង់ទៀតផង។
២សប្តាហ៍មកនេះទួរគីជេរប្រទេច ផ្តាសាមិនលស់ពេលបណ្តាប្រទេសអឺរ៉ុប ជាពិសេសអាល្លឺម៉ង់ ហើយនឹងហុល្លង់ ដែលបានហាមឃាត់មិនឲ្យរដ្ឋមន្រ្តីទួរគី ចូលឃោសនាបោះឆ្នោតប្រជាមតិទួរគី នៅក្នុងចំណោមប្រជាជនទួរគី ដែលរស់នៅបរទេស។ “អាល្លឺម៉ង់អនុវត្តវិធីសាស្រ្ត របស់ពួកណាហ្ស៊ី។ អាល្លឺម៉ង់កំពុងគាំទ្រ ពួកភេរវនិយម” នេះជាការលើកឡើង របស់ប្រធានាធិបតីទួរគី លោក រេស៊ីប អ៊ែរដូហ្កានដែលបានចោទប្រកាន់ប្រទេស ហុល្លង់ថា ជាប្រទេសសំណល់ពីពួក ណា ហ្ស៊ី និងហ្វាស៊ីស។
នៅល្ងាចថ្ងៃអង្គារប្រមុខដឹកនាំទួរគីបាន លើកនិយាយពីតួនាទីរបស់ប្រទេសហុល្លង់ នៅក្នុងការសម្លាប់រង្គាលចំពោះប្រជាជនកាន់សាសនាអ៊ិស្លាម៨ពាន់នាក់នៅប្រទេស បូស្នី អ៊ែហ្សេហ្គោវីន។ នៅឆ្នាំ១៩៩៥ កងទ័ពហុល្លង់ ក្នុងនាមជាកងទ័ពមួកខៀវ របស់អង្គការសហប្រជាជាតិ ត្រូវបានគេបន្ទោសថា មិនបានជួយអន្តរាគមន៍ដើម្បី កុំឲ្យទាហានស៊ែបសម្លាប់ប្រជាជនបូស្នីនោះទេ។
សម្រាប់ប្រធានគណៈកម្មការអឺរ៉ុប លោកហ្សង់ក្លូតហ្សុងគ័រ ថាសំដីចោទ ប្រកាន់អាល្លឺមម៉ង់ និងហុល្លង់ថា ជាពួក ណាហ្ស៊ី ជារឿងដែលគេមិនអាចទទួល យកបាន។ តាមលោកហ្សុងគ័រសំដីរបស់ លោកប្រធានាធិបតីទួរគី មិនស៊ីចង្វាក់គ្នាទៅនឹងសំណើរបស់ទួរគី ដែលចង់ក្លាយ ជាសមាជិកអឺរ៉ុបនោះឡើយ។ ប្រធានរដ្ឋ បាលសហព័ន្ធអាល្លឺម៉ង់លោកPerter Almaier ដែលស្និទ្ធនឹងលោកស្រីអធិការបតីអាល្លឺម៉ង់វិញបានប្រតិកម្មតបនឹងទួរគី ដោយ បានគំរាមថា នឹងហាមមិនឲ្យមន្រ្តីជាន់ខ្ពស់ទួរគីដាក់ជើងជាន់ទឹកដីអាល្លឺម៉ង់។ ទោះសភាពករណីតានតឹងកើនឡើងកាន់តែខ្លាំង ក៏ដោយក៏រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់បាន វាយតម្លៃថា ទួរគីត្រូវតែនៅបន្តជាសមាជិករបស់អូតង់ដដែល។
អូតង់នៅថ្ងៃពុធសបា្តហ៍នេះ បានជំរុញ ឲ្យទួរគី ដែលជាសមាជិកសំខាន់មួយរបស់អូតង់ប្រញាប់ដោះស្រាយបញ្ហាជាមួយ ប្រទេសអូទ្រីស បន្ទាប់ពីទួរគីបានចេញមុខ ប្រឆាំងមិនឲ្យមានកម្មវិធីសហប្រតិបត្តិការ រវាងអូតង់ជាមួយអូទ្រីស។ អស់ពេលជាច្រើនខែមកហើយដែលទួរគីមានវត្តមាន ទ័ពច្រើនជាងគេនៅក្នុងអង្គការអូតង់បន្ទាប់ ពីអាមេរិកបានប្រឆាំងមិនឲ្យអូតង់ធ្វើសហប្រតិបត្តិការយោធាជាមួយអូទ្រីសក្នុងហេតុផលថា អូទ្រីសបានចេញមុខប្រឆាំង ទាមទារមិនឲ្យអឺរ៉ុបទទួលយកទួរគីជាសមាជិក។ អូទ្រីសមិនមែនជាសមាជិករបស់អូតង់ ប៉ុន្តែបានសហការជាមួយអង្គការ សម្ព័ន្ធអូតង់ក្នុងនាមជាប្រទេសដៃគូដើម្បីពង្រាយទ័ពជាមួយអូតង់ក្នុងគោលដៅ ពង្រឹងសមត្ថភាពយោធារបស់ខ្លួនជាពិសេសនៅក្នុងកាលៈទេសៈដែលប្រទេសអឺរ៉ុបខាងកើត កំពុងបារម្ភពីការឈ្លានពាន របស់រុស្ស៊ី នៅក្រោយការកាត់លេបយក ទឹកដីគ្រិមៀរបស់អ៊ុយក្រែន៕ មេន សាធី