ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋភូមិស្រងាំទេ ប្រមូលផ្តុំគ្នារារាំងការបូមខ្សាច់របស់ឈ្មោះទ្រី ដែលធ្វើឲ្យបាក់ដីក្បាលស្រែរបស់ពួកគាត់ និងខូចផ្លូវ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ពលរដ្ឋប្រមាណជា៩០គ្រួសារ រស់នៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលា ប្អៀរ ខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ បានម្រមូលផ្តុំគ្នា នៅទីតាំងបូមខ្សាច់មួយកន្លែងរបស់ឈ្មោះទ្រី ស្ថិតនៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដែលមានថៅកែឈ្មោះទ្រី។ ការដែលប្រជាពលរដ្ឋមកប្រមូលផ្តុំគ្នានៅពេលនេះ ដើម្បីរារាំងការបូមខ្សាច់នៅតំបន់នេះ ។

ប្រជាពលរដ្ឋនៅទីនោះបានលើកឡើងថា ជារៀងរាល់ថ្ងៃ គេសង្កេតឃើញថា រថយន្តដឹកខ្សាច់ធំៗជាច្រើនគ្រឿង បានចូលមកដឹកខ្សាច់ ដែលបានធ្វើឲ្យខូចផ្លូវ និង បាក់ច្រាំង និង ធ្វើឲ្យបាក់ដីស្រែមួយចំនួនដែលនៅក្បែរមាត់អូនោះទៀតផង ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា កន្លងមក ពួកគាត់បានប្រាប់មេភូមិ អំពីផលប៉ះពាល់នៃការបូមខ្សាច់នេះផងដែរ ប៉ុន្តែលោកមេភូមិ មិនដែលយកចិត្តទុកដាក់ និង កង្វល់របស់ ប្រជាពលរដ្ឋនោះទេ ធ្វើមិនដឹងមិនឮ បណ្តែតបណ្តោយឲ្យឈ្មួញចុះមកបូមខ្សាច់នេះ ដែលធ្វើអោយប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដូចជាផ្លូវថ្នល់ និងបាក់ក្បាលដីស្រែ នៅទីនោះទៀតផង ។

ប្រជាពលរដ្ឋបញ្ជាក់ថា ពាក់ព័ន្ធនឹងច្បាប់ទម្លាប់បូមខ្សាច់នេះ មិនដឹងថា មានឬ អត់នោះទេ ប៉ុន្តែពេលដែលពួកគាត់សុំមើលលិខិតអនុញ្ញាត ម្ចាស់បូមខ្សាច់ឈ្មោះ ទ្រី ពុំដែលបង្ហាញនោះទេ ។

ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និង លោកអភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយដល់ប្រជាពលរដ្ឋ ដែលកំពុងតែរងផលប៉ះពាល់ពីការបូមខ្សាច់ ដែលមានថៅកែឈ្មោះទ្រីនេះផង បើទុកតទៅទៀតប្រជាពលរដ្ឋកាន់តែជួបការលំបាកធ្ងន់ទៅៗ ដូចជា ផ្លូវខូច បាក់ដីក្បាលស្រែ ប្រជាពលរដ្ឋមិនអាចយកខ្សាច់នេះប្រើបានដូចពេលមុនទៀតនោះទេ ។

ពាក់ព័ន្ធនឹងករណីនេះឈ្មោះ ទ្រី ដែលជាថៅកែ បូមខ្សាច់មិនអាចទាក់ទងសុំការបំភ្លឺបាននោះទេ ដោយទូរស័ព្ទមិនអាចទាក់ទងបាន ៕ ចន្ថា

ser (1) ser (2) ser (3) ser (4) ser (5) ser (6)


ចែករំលែក៖