ព័ត៌មានទាន់ហេតុការណ៍៖

លោកឡាយ ណារិទ្ធ បងប្រុសអភិបាលខេត្តតាកែវ ល្បីខាងរត់ការឈើខុសច្បាប់ឆ្លងទៅវៀតណាម

ចែករំលែក៖

ខេត្តតាកែវ៖ កាលពីវេលាម៉ោង១២និង២៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ រថយន្តយីឌុប ដឹកឈើម្រេញមួយគ្រឿងត្រូវបានលើកផ្ទេរទៅដាក់នឹងទូកនៅចំកណ្តាលទន្លេ កំពង់អំពិល ជិតបង្កើយនឹងសាលាស្រុកបុរីជលសា ខេត្តតាកែវ មកទល់នឹងពេលនេះ ទូកដ៏ធំដឹកឈើមួយនេះ កំពុងចតនៅកណ្តាលទន្លេដដែល ដើម្បីរង់ចាំទទួលឈើបន្ថែមទៀតសម្រាប់រាត្រីយប់នេះ ។

ប្រភពគួរឲ្យជឿទុកចិត្តបានបង្ហើបថា ជើងខ្លាំងដែលមានមុខ និងអំណាចរត់ការរថយន្តដឹកឈើឆ្លងទៅប្រទេសវៀតណាមតាមខេត្តតាកែវនេះ គឺឈ្មោះលោក ឡាយ ណារិទ្ធ ស្នងការរងខេត្តតាកែវ ទទួលបន្ទុកនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងត្រូវជាបងបង្កើតរបស់លោកឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ។ លោកឡាយ ណារិទ្ធ មិនត្រឹមតែមានអំណាចក្នុងការចេញមុខរត់ការឡានឈើខុសច្បាប់ប៉ុណ្ណោះទេ គាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបែងចែកប្រយោជន៍ទៅកាន់សមត្ថកិច្ចជាច្រើនស្ថាប័ន ដែលពាក់ព័ន្ធទៅនឹងតួនាទីបង្ក្រាបបទល្មើសព្រៃឈើ និងធ្វើការគំរាមកំហែងខាងមន្ត្រីមួយចំនួន ប្រសិនបើចេញមុខ ឬមកធ្វើការពិនិត្យមើលទៅលើរថយន្តដឹកឈើទីតាំងលើកឈើដាក់លើទូកនេះជាដើម ។ គេអាចនិយាយបានថា សកម្មភាពរបស់លោកឡាយ ណារិទ្ធ អាចមានភ្លើងខៀវណាមួយពីប្អូនប្រុស គឺលោកឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ខណៈគាត់រត់ការយ៉ាងល្បីសុះសាយពេញខេត្ត ក៏នៅតែមិនមានវិធានការទប់ស្កាត់ក្នុងរឿងនេះ ។

តាមការអះអាងពីក្រុមឈ្មួញខ្លះ យ៉ាងយូរបំផុតត្រឹមម៉ោង១២យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧នេះ រថយន្តដឹកឈើម្រេញ នឹងទៅដល់កន្លែងទូកដែលកំពង់រង់ចាំដាក់បន្តទៀតនោះ ពីព្រោះថា ទូកដែលកំពុងផ្ទុកឈើយប់មិញ នៅតែរង់ចាំការដាក់ឈើម្រេញបន្តទៀតសម្រាប់យប់ថ្ងៃនេះ ។

កាលពីសប្តាហ៍មុន រថយន្តដឹកឈើម្រេញបានខូចនៅកណ្តាលផ្លូវចំទីរួមស្រុក គេពុំបានឃើញសមត្ថកិច្ចណាមួយទៅប៉ះពាល់ ដោយសារតែអំណាចលោកឡាយ ណារិទ្ធ គឺជាអ្នករត់ការក្នុងការដឹកជញ្ជូនឈើល្មើសច្បាប់នេះ ។

ពាក់ព័ន្ធទៅនឹងករណីនេះ នគរវត្តមិនអាចទាក់ទងបានទេពីលោកឡាយ ណារិទ្ធ ស្នងការរងខេត្តតាកែវ និងជាបងបង្កើតរបស់លោកអភិបាលខេត្ត ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។ ដោយឡែកលោកឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១៩ ខែមីនា លោកមិនបានបកស្រាយជុំវិញបទល្មើសឈើខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងនោះទេតាមទូរស័ព្ទ លោកគ្រាន់បញ្ជាក់យ៉ាងខ្លីថា ថ្ងៃនេះ ខ្ញុំមិនមានពេល និយាយអ្វីទេ ដោយសារមានធុរៈជាប់ប្រជុំការងារ ដូច្នេះ រឿងបែបនេះ ចង់ដឹងសួរទៅចៅហ្វាយស្រុកទៅ រួចក៏បិទទូរស័ព្ទ ។
សកម្មភាពដឹកឈើខុសច្បាប់ចេញពីខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ឆ្លងទៅវៀតណាមតាមខេត្តតាកែវបានក្លាយទៅជាទម្លាប់ជាយូរមកហើយ ក្នុងនោះ លោកឡាយ ណារិទ្ធ ស្នងការរងខេត្តទទួលបន្ទុកនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជាប្អូនបង្កើតរបស់អភិបាលខេត្តនេះតែម្តង ជាអ្នកចេញមុខរត់ការក្នុងបទល្មើសនេះ ស្របពេលដែលគាត់មានភារកិច្ច តួនាទី ចូលរួមបង្ក្រាបបទល្មើសទាំងនេះផងនោះ ៕ សុខ ខេមរា

 


ចែករំលែក៖