ភ្នំពេញ ៖ កម្មករកម្មការិនីនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ធៀន ស៊ុង ខេម បូឌា ហ្គាមេន ខូអិលធីឌីជាង១០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់រយៈពេល៣ថ្ងៃ ជាប់ៗគ្នា ។ ករណីនេះគេសង្ស័យថាអាច បណ្ដាលមកពីហេតុការណ៍ទុស្សេខ្សែភ្លើង កាលពី៣ថ្ងៃមុននៅក្នុងរោងចក្រ ។
មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ ប្រាប់ថា កម្មករសរុបជិត១០០នាក់ បាន ដួលសន្លប់បន្តបន្ទាប់ ក្នុងរយៈពេល ប៉ុន្មាន ថ្ងៃនេះ។ ប្រភពបញ្ជាក់ថា នៅវេលាម៉ោង ៩និង២០នាទី ព្រឹកថ្ងៃទី២០ ខែមីនានេះ ក៏មានកម្មករកម្មការិនីចំនួន៤៥នាក់ទៀត បានដួលសន្លប់ក្នុងពេលបំពេញការងារនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ធៀន ស៊ុង ខេមបូឌា ហ្គាមេន ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅភូមិព្រៃព្រីងខាង ត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ថាប័នជំនាញមិនអាចបញ្ជាក់ពីមូលហេតុនៃការដួលសន្លប់របស់កម្មករបាននៅឡើយទេ។ បច្ចុប្បន្នកម្មករត្រូវបាន បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមូលមិត្តចំនួន៣១នាក់ និងសម្រាកនៅ មន្ទីរពេទ្យវុធ ផ្លូវជាតិលេខ៣ចំនួន១៤ នាក់ ហើយអ្នកដែលបានធូរស្រាលក៏បានចេញពីមន្ទីរពេទ្យវិញហើយដែរ ។
យ៉ាងណា បើតាមការបញ្ជាក់ក្រៅផ្លូវការពីកម្មករក្នុងរោងចក្រឲ្យដឹងថា ករណីដែលកម្មករដួលសន្លប់ជាបន្តបន្ទាប់នេះ អាច បណ្ដាលមកពីករណីទុស្សេខ្សែភ្លើងក្នុង រោងចក្រកាលពី៣ថ្ងៃមុន ពោលគឺថ្ងៃទី១៧ ខែមីនា ដែលពេលនោះក៏មានកម្មករដួលសន្លប់មួយចំនួនផងដែរ ក្នុងចំណោមកម្មករ កំពុងធ្វើការប្រមាណ១០០០នាក់ ៕ សុខា សែនជ័យ