ខេត្តស្ទឹងត្រែង ៖ បុរសជាប្តីបានយកកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធនៅលើផ្ទះដោយសារតែមានការតូចចិត្តខឹងនឹង អ្នកភូមិចោទថា ស្ត្រីជាប្រពន្ធចេះអំពើអាប ធ្មប់។ ករណីនេះបានកើតឡើងកាលពីវេលា ម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិវាលពោធិ៍ ឃុំអន្លង់ ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
មន្ត្រីនគរបាលប៉ុស្តិ៍អន្លង់ភេបានប្រាប់ឲ្យដឹងថា ជនសង្ស័យនិងជនរងគ្រោះត្រូវជាប្តីប្រពន្ធនឹងគ្នា។ លោកថា ក្រោយពី សម្លាប់ប្រពន្ធខ្លួនរួចភ្លាមៗនោះជនសង្ស័យ ក៏ត្រូវបងប្អូនថ្លៃចាប់ខ្លួនប្រគល់ឲ្យសមត្ថ កិច្ចយកទៅចាត់ការតាមច្បាប់ដែរ ។
មន្ត្រីដដែលបន្តទៀតថា ជនសង្ស័យ ឈ្មោះ ស៊ុត រ៉េត អាយុ៤៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ ត្រូវជាប្រពន្ធឈ្មោះ វឿន ឡី អាយុ៣៩ឆ្នាំ។ អ្នកទាំង២មានកូន៥នាក់ ក្នុងនោះមាន ស្រី៤នាក់។
លោកបានបញ្ជាក់បន្ថែមទៀតថា មុនពេលកើតហេតុបុរសជាប្តីបានផឹកស្រាស្រវឹងជោកជាំ តាំងពីថ្ងៃរហូតដល់យប់។ មុននឹងធ្វើសកម្មភាពប្តីប្រពន្ធទាំង២នាក់បាន និយាយគ្នាថានឹងសម្លាប់ខ្លួនទាំងអស់គ្នា ដោយសារមិនអាចរស់នៅក្នុងភូមិទៀតបាន ទេ ព្រោះសព្វថ្ងៃនេះមានអ្នកភូមិជាច្រើន នាក់បាននិយាយចោទប្រកាន់ថា គ្រួសារ យើងចេះអំពើអាបធ្មប់។ បើសិនជារស់ តទៅទៀតពិតជាខ្មាសគេនិងមិនចង់រស់នៅក្នុងភូមិនេះឡើយ។ លុះពេលគិតគ្នា បែបនេះហើយប្តីក៏បានយកកាំបិតចុងស្រួច ចាក់ប្រពន្ធចំដើមទ្រូងដេកស្លាប់នៅលើគ្រែក្នុងមុងលើផ្ទះ។
បុរសជាប្តីនិយាយថា ក្រោយពីយក កាំបិតចាក់ប្រពន្ធរួចហើយខ្លួន(ប្ដីក៏ងងឹត មុខឈឹងមិនដឹងថា ខ្លួនបានធ្វើអ្វីសោះ ក្រោយមកទៀតពេលដឹងខ្លួនឡើងក៏ស្រាប់ តែត្រូវប្អូនថ្លៃចាប់ចងរួចប្រគល់ឲ្យសមត្ថ កិច្ចតែម្តង ។
បន្ទាប់ពីហេតុការណ៍នោះកើតឡើង បុរសជាប្តីបានត្រឹមតែស្តាយស្រណោះ និយាយមិនចេញអង្គុយសម្រក់ទឹកភ្នែកតែប៉ុណ្ណោះ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលអន្លង់ភេ ៕ ហេង នរិន្ទ្រ