ខេត្តកំពង់ស្ពឺ ៖ រហូតមកទល់ពេលនេះ ក្រុមអធិការកិច្ចក្រសួងយុត្តិធម៌ពុំទាន់ ចេញលទ្ធផលករណីលោក ម៉ែន វណ្ណៈ អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺដែលបានយកកាំភ្លើងភ្ជង់ក្បាល និងពោះលើ ក្រឡាបញ្ជីជាជនពិការ ហើយយកគ្រាប់ កាំភ្លើងដាក់ចូលកែវស្រាបង្ខំឲ្យផឹកថែមទាំង គ្រវែងឈើច្រត់នោះនៅឡើយទេ ។
លោក ជិន ម៉ាលីន មន្ត្រីអ្នកនាំពាក្យ ក្រសួងយុត្តិធម៌បញ្ជាក់ថា ការស៊ើបអង្កេត នៅតែបន្ត ហើយលទ្ធផលនឹងត្រូវបង្ហាញជាសាធារណៈ។ ជំហររបស់ក្រុមអធិការ កិច្ចក្រសួងយុត្តិធម៌បែបនេះធ្វើឡើងបន្ទាប់ពីលោក ម៉ែន វណ្ណៈ អនុប្រធានសាលាដំបូង ខេត្តកំពង់ស្ពឺបានចេញសេចក្តីថ្លែងការណ៍សុំទោសលោកក្រឡាបញ្ជីជាសាធារណៈ។
លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យថ្លែងថា ការងារនឹងដំណើរការនីតិវិធីអធិការកិច្ចនៅតែកំពុងបន្តដំណើទៅមុខតាមច្បាប់។ ប៉ុន្តែករណីមិនអាចបង្ហាញជាសាធារណៈបានទេ ដើម្បីរក្សាបាននូវការសម្ងាត់វិជ្ជាជីវៈ នៃការងារអធិការកិច្ច។ លទ្ធផលនិងការ សម្រេចចុងក្រោយនឹងត្រូវផ្សព្វផ្សាយជាសាធារណៈនៅពេលបញ្ចប់។
គួរបញ្ជាក់ថា លោក ឈៀង គីមហាក់ ជាជនរងគ្រោះរៀបរាប់ក្នុងពាក្យបណ្ដឹង ថា កាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០១៦ វេលា ម៉ោង៧និង៣០យប់លោកបានហូបបាយសាមគ្គីមួយនៅក្រុងច្បារមន។ ពេលនោះ លោក ម៉ែន វណ្ណៈ បានដើរសំដៅមកលោក ដោយមានសភាពស្រវឹង ហើយបានស្រែកឡូឡាក្នុងបន្ទប់ហូបអាហារថា កូនចៅមក ញុាំម្តេចមិនហៅមេផង ហើយលោក ម៉ែន វណ្ណៈ បានបង្ខំលោកផឹកស្រាអស់ជាច្រើន កែវនៅពេលដែលលោកបដិសេធឈប់ផឹក ស្រាប់តែលោក ម៉ែន វណ្ណៈ បានដកកាំភ្លើង អាម៉េភ្ជង់ក្បាល និងពោះរបស់លោក ។
ក្រោយបញ្ចប់ហេតុការណ៍នេះនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ លោក ម៉ែន វណ្ណៈ បានជួបលោកម្តងទៀតនៅភោជនីយដ្ឋានមួយនៅក្បែរផ្សាររាត្រីស្រាប់តែលោក ម៉ែន វណ្ណៈ យកឈើច្រត់លោកគ្រវែងចោល ហើយបោះពាក្យសម្តីថា «ហ្អែងជាកូនចៅ អញ! អញលេងសើចប៉ុណ្ណឹងមិនបាន ហ្អែង ចង់ធ្វើអីអញ ហ្អែងអស្ចារ្យអី» ។
ដំណើររឿងត្រួសៗបែបនេះហើយ ទើបលោក ឈៀង គីមហាក់ ដាក់ពាក្យសុំអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ សំណូមពរឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជួយរកយុត្តិធម៌ឲ្យជនពិការផង។ ករណីនេះកាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៧លោក ម៉ែន វណ្ណៈ បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ សុំទោសលោក ឈៀង គីមហាក់។ ប៉ុន្តែ មជ្ឈដ្ឋានមួយចំនួនយល់ថា កំហុសនេះគឺ ធ្ងន់ធ្ងរណាស់ពុំគួរលើកលែងឲ្យឡើយតែការសម្រេចយ៉ាងណាអាស្រ័យលើក្រសួងយុត្តិធម៌ផង ៕ ហេង សូរិយា