ព័ត៌មានទាន់ហេតុការណ៍៖

កងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាបយកកណ្តុរទៅហិតមីនសាកល្បង

ចែករំលែក៖

ខេត្តសៀមរាប៖ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ អាជ្ញាធរមីនកម្ពុជាមានសត្វកណ្តុរចំនួន២១ក្បាល សម្រាប់ជួយហិតរកមីនក្នុងប្រតិបត្តិការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសង្គ្រាមនៅកម្ពុជា ហើយអ្នកគ្រប់គ្រងគំរោងមានផែនការ នឹងបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជកណ្តុរនៅកម្ពុជានេះ សម្រាប់ជួយដល់ប្រតិបត្តិការដោះមីន ដល់គ្រប់កងឯកភាពក្នុងប្រទេសកម្ពុជាផងដែរ ។

fe (3)

កណ្តុរនេះ មានតម្លៃមួយស្មើនឹង៥០០០យូរ៉ូ បូករួមទាំងប្រាក់ខែសម្រាប់អ្នកមើលថែរក្សា និងអាហាររបស់វាផង

លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា រួមជាមួយគណៈប្រតិភូក្រុមការងារបានអញ្ជើញទៅកាន់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលមានទីតាំង ស្ថិតក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីពិនិត្យពីសកម្មភាពហិតរាវរកមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សល់ពីសម័យសង្គ្រាម របស់សត្វកណ្តុរ ដែលបាននាំចូលមកកម្ពុជាតាមរយៈអង្គការអាប៉ូប៉ូ ។

តាមរយៈសកម្មភាពនៃការហិតរកមីនរបស់សត្វកណ្តុរទាំងនោះ លោក លី ធុជ បានថ្លែងដោយកត់សម្គាល់ឃើញថា ក្រៅពីមន្ត្រីក្នុងកងឯកភាពកំចាត់មីនកម្ពុជា និងមន្ត្រីក្នុងអង្គភាពដោះមីនផ្សេងៗទៀត ក្នុងសកម្មភាពប្រតិបត្តិការបោសសំអាតមីននៅកម្ពុជា គឺនៅមានសត្វសុនខ ហើយពេលនេះ មានទាំងសត្វកណ្តុរដែលនាំចូលមកពីតំបន់អាហ្វ្រិក។

fe (1)

សកម្មភាពហិតរាវរកមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សល់ពីសម័យសង្គ្រាម របស់សត្វកណ្តុរ ដែលបាននាំចូលមកកម្ពុជាតាមរយៈអង្គការអាប៉ូប៉ូ

លោក បានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាព និងអត្ថប្រយោជន៍របស់សត្វកណ្តុរក្នុងសកម្មភាពហិត និងរុករកមីន ដែលវាអាចជួយការងារបានពី៦ឆ្នាំរហូតដល់៨ឆ្នាំ ក្រោយពីបង្វឹក១ ឬ២ឆ្នាំ ហើយវាមានសមត្ថភាពហិតក្លិននៃយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងជម្រៅដី៣ទៅ៤តឹក ក្នុងមួយថ្ងៃកណ្តុរ១១ក្បាលអាចហិតរកបានលើទំហំផ្ទៃដីប្រមាណជាកន្លះហិកតា ។ វាជួយក្នុងការកាត់បន្ថយពីបញ្ហាប្រឈមគ្រោះថ្នាក់ និងហានីភ័យផ្សេងៗដល់មន្ត្រីដោះមីនជាច្រើន។

លោកមានប្រសាសន៍បន្តថា៖ ទស្សនៈវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន តែងតែបានគិតគូរ ធ្វើយ៉ាងណាឱ្យកម្ពុជាចាកផុតពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ពីសង្គ្រាម ហេតុនេះយើងខិតខំប្រឹងប្រែងឱ្យការបោសសម្អាតមីននៅកម្ពុជា បានចប់ជាស្ថាពរ ដោយយើងបាននិងកំពុងដាក់ផែនការឆ្នាំ២០២៥ ដើម្បីបញ្ចប់ការដោះមីនជាស្ថាពរ។ ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរមីនកម្ពុជា លោកបានថ្លែងអំណរគុណដល់ ក្រុមប្រតិបត្តិករដោះមីនជាតិ និងអន្តរជាតិដែលកំពុងសកម្មក្នុងការដោះមីន និងរាវរកយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងអស់ ដែលខិតខំបំពេញភារកិច្ចឆ្លងកាត់ការលំបាក និងប្រឈមទៅនឹងគ្រោះថ្នាក់គ្រប់ពេលវេលា ក្នុងការដោះមីនជួយរំដោះដីស្រែចម្ការជូនជាតិមាតុភូមិយើង និងជួយសម្រួលដល់ប្រជាពលរដ្ឋផងដែរ។ ក្រោយពីបានចិញ្ចឹមបង្វឹកដើម្បីបន្ស៊ាំទៅនឹងអាកាសធាតុក្នុងប្រទេសកម្ពុជាអស់មួយរយៈពេលធំមក សត្វកណ្តុរចំនួន២១ក្បាល ត្រូវបាននាំយកទៅហិតរាវរកមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមក្នុងតំបន់ស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប ជាមួយសកម្មភាពប្រតិបត្តិការរាវរកមីនរបស់កងឯកភាពចំចាត់មីនកម្ពុជាទី៤ ដែលមានទីបញ្ជាការនៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស្ថិតក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

fe (4)

ទស្សនៈវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន តែងតែបានគិតគូរ ធ្វើយ៉ាងណាឱ្យកម្ពុជាចាកផុតពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ពីសង្គ្រាម

តាមរយៈអ្នកបកប្រែភាសា លោក ផូម៉ាកាហ្សី ជនជាតិអង់គ្លេសជាប្រធានគំរោងអង្គការអេប៉ូប៉ូ មុននឹងនាំយកទៅកាន់តំបន់ដែលសង្ស័យថា មានគ្រាប់មីន គេបានបន្ស៊ាំវាទៅនឹងអាកាសធាតុ ស្របតាមលក្ខណៈភូមិសាស្ត្រ និងបង្វឹកអស់រយៈពេលពី៦ខែ ឬក៏រហូតដល់មួយឆ្នាំ។

កណ្តុរដែលនាំចូលមកនេះ សុទ្ធតែទទួលបានអាជ្ញាបណ្ណ័បញ្ជាក់ពីប្រទេសដៃគូប្រភពនៃសត្វកណ្តុរ ក្រោយពីពិនិត្យ និងបានការឯកភាពពីប្រទេស ដៃគូ ថាកណ្តុរទាំងនេះ មានលទ្ធភាព និងសមត្ថភាពក្នុងការហិតក្លិនមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបាន ហើយ ប្រទេសដៃគូបានផ្តល់ជូនអាជ្ញាបណ្ណ័បញ្ជាក់សម្រាប់សកម្មភាពប្រតិបត្តិការជាមួយសត្វកណ្តុរទាំងនេះ ។ កណ្តុរនេះ មានតម្លៃមួយស្មើនឹង៥០០០យូរ៉ូ បូករួមទាំងប្រាក់ខែសម្រាប់អ្នកមើលថែរក្សា និងអាហាររបស់វាផង។ ពួកវាមានសមត្ថភាពហិតរកសាធាតុផ្ទុះ អាស្រ័យទៅលើទំហំនៃសាធាតុនោះ បើសារធាតុផ្ទុះកាន់តែធំ វាកាន់តែមានប្រសិទ្ធភាពក្នុងការហិតក្លិន។ វាមិនខុសគ្នាទៅនឹងមនុស្សយើងទេ ក្នុងពេលអាកាសធាតុក្តៅខ្លាំង ឬត្រជាក់ពេក និងមានភ្លៀងធ្លាក់ជាដើម វាមិនអាចធ្វើការបានពេញលេញទេ ក៏ប៉ុន្តែវាអាចធន់ទៅនឹងអាកាសធាតុដល់៣៩អង្សាសេ បាន តែបើក្តៅខ្លាំង ក៏បញ្ជូនវាមកទីសម្រាកសុំចតមួយរយៈ ដោយប្តូរផ្លាស់វេនមួយក្រុមម្តងៗ ដើម្បីចៀសវាងពីហានិភ័យចំពោះសុខភាពរបស់ពួកវាផងដែរ ៕ ប៊ុន រិទ្ធី

fe (2)

លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា រួមជាមួយគណៈប្រតិភូក្រុមការងារបានអញ្ជើញទៅកាន់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលមានទីតាំង ស្ថិតក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីពិនិត្យពីសកម្មភាពហិតរាវរកមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

 


ចែករំលែក៖