ព័ត៌មានទាន់ហេតុការណ៍៖

អត់លុយទិញថ្នាំញៀន ប្លន់ម៉ូតូសិស្សស្រីយកទៅលក់ ៣ថ្ងៃក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំ ខេត្តកណ្តាលចាប់ខ្លួនពាក់ព័ន្ធលួច ប្លន់ម៉ូតូសិស្សយកទៅលក់ទិញថ្នាំញៀន តែ៣ថ្ងៃក្រោយពីធ្វើសកម្មភាពត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅតុលាការ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅផ្ទះជនសង្ស័យស្ថិតនៅភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណា្តល។

មន្រ្តីនគរបាលស្រុកកោះធំឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនឈ្មោះ ហេង ចាន់ហ៊ាង ហៅសីហា អាយុ២២ឆ្នាំ មានទីលំនៅភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល។

drt

អត់លុយទិញថ្នាំញៀន ប្លន់ម៉ូតូសិស្សស្រីយកទៅលក់ ៣ថ្ងៃក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន

តាមរបាយការណ៍សមត្ថកិច្ចបង្ហាញថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៤ និង២០នាទី នៅចំណុចមុខវត្តព្រែកតាដួង ក្នុងភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ក្មេងស្រីសិស្សសាលាម្នាក់ឈ្មោះ អាន បញ្ញា អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល បានទៅអង្គុយលេងនៅក្រោមដើមឈើជាមួយនឹងមិត្តស្រីម្នាក់ទៀត។ ពេលនោះជនសង្ស័យបានដើរចេញពីផ្ទះរបស់ខ្លួនមកលេងក្នុងបរិវេណវត្តតាដួង ស្រាប់តែជនសង្ស័យបានឃើញជនរងគ្រោះ និងមិត្តស្រីកំពុងអង្គុយលេងដោយចតម៉ូតូមិនដកសោរ ជនសង្ស័យដែលគេដឹងថាញៀនថ្នាំគ្មានលុយទិញថ្នាំ ក៏បែកគំនិតលួចម៉ូតូជនរងគ្រោះតែម្តង។

របាយការណ៍បានបញ្ជាក់ថា ក្រោយពីគិតរួចជនសង្ស័យបានកាន់ដំបងឈើជ្រុងមួយកំណាត់ដើរសំដៅទៅរកម៉ូតូជនរងគ្រោះ ហើយក៏ឡើងជិះពីលើម៉ូតូ គ្រានោះជនរងគ្រោះបានរត់មកប្រតាយប្រតប់យកម៉ូតូវិញ តែត្រូវជនសង្ស័យស្រែកខ្លាំង និងច្រានជនរងគ្រោះឲ្យដួល រួចបញ្ឆេះម៉ូតូជិះគេចខ្លួនបាត់ទៅ។ លុះមកដល់ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ព្រែកថ្មី ហើយបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងបានសហការជាមួយនគរបាលស្រុកចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅនឹងផ្ទះជនសង្ស័យក្នុងភូមិស្វាយតាមេឃតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ហេង ចាន់ហ៊ាង បានសារភាពថា ខ្លួនគេពិតជាបានលួចយកម៉ូតូជនរងគ្រោះនោះពិតមែន ហើយបានយកទៅលក់ និងបញ្ចាំនៅឯរាជធានីភ្នំពេញ តែគ្មានអ្នកទិញ ក៏យកទៅឲ្យគេសុីគ្រឿងបានប្រាក់៥០ដុល្លារ ដើម្បីយកទៅទិញថ្នាំញៀនជក់។ ជនសង្ស័យបានបន្តថា ម៉ូតូដែលគេលួចបានក្រោយពីសុីគ្រឿងរួចហើយ ក៏យកមកទុកចោលក្បែរសាលារៀនមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។

បើតាមសិស្សស្រីឈ្មោះ អាន បញ្ញា បានប្រាប់សមត្ថកិច្ចនៅក្រោយកើតហេតុថា ម៉ូតូដែលជនសង្ស័យលួចប្លន់យកទៅនោះម៉ាក ហុងដាឌ្រីម សេ១២៥ សេ៊រីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1Q-7215 ៕ ស្អាងជ័យ

 


ចែករំលែក៖