ភ្នំពេញ៖ បងជាព្រាននារី បងបោកចិត្តអូនអស់ទាំងកាយទាំងទ្រព្យ ៣ឆ្នាំហើយដែលយើងរស់នៅជាមួយគ្នា ដូចប្តីប្រពន្ធថ្វីត្បិតយើងមិនទាន់រៀបការពេញច្បាប់ក៏ពិតមែន អូនឈឺចាប់ណាស់ អូនមិនសុខចិត្តទេ អូនត្រូវតែប្តឹងសមត្ថកិច្ចឲ្យចាប់បងដាក់គុកដាច់ខាត កុំឲ្យពូកែបោកចិត្តស្រីទៀត ។ នេះជាសម្រែកទួញសោករបស់ស្រី្តវ័យក្មេងម្នាក់នៅចំពោះមុខសមត្ថកិច្ច គ្រាដែលនាងឈឺចាប់ចាញ់បោកបុរសម្នាក់មានប្រពន្ធកូនហើយ បែរជាមកសុំស្រលាញ់នាងរួមរស់ដូចប្តីប្រពន្ធស្របច្បាប់ និងរួមរ័កជាមួយគ្នារាប់ភ្លេចដោយប្រាប់ថាខ្លួនគាត់ នៅកំលោះទេ ។
ហេតុការណ៏នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ គ្រាដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួនបុរសកំហូចតាមបណ្តឹងស្តី្ររងគ្រោះយកមកកាន់ស្នាក់ការប៉ុស្តិ៍។
ជនរងគ្រោះ មានឈ្មោះមាំង រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់បន្ទប់ជួល នៅចំណុចផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័។ ចំណែកបុរសកំហូចមានប្រពន្ធហើយថានៅកំលោះ ឈ្មោះ វង្ស ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួលក្បែរគ្នា ។
តាមសម្តីស្រី្តរងគ្រោះ បានឲ្យដឹងថា រូបនាងនិងបុរសកំហូច មុនដំបូងបានជួលបន្ទប់ស្នាក់នៅជាប់គ្នា ហើយក្រោយមកចេះតែសម្លឹងមើលគ្នាចុះឡើង រហូតមានទំនាក់ទំនង ស្នេហាជាមួយគ្នា តាំងពីឆ្នាំ២០១៤មក ។ គ្រានោះដោយសារតែបុរស ខាងលើបានអះអាងថា រូបគេនៅកំលោះចែស ពុំទាន់មានប្រពន្ធកូនទេ ធ្វើអោយនាងខំបាក់ចិត្តស្រលាញ់យកធ្វើជាគូគាប់ រហូត ទុកចិត្តទុកប្រាណ លះបង់ភាពបរិសុទ្ធជូនបុរសនេះនិងធ្លាប់បាន រួមរ័កជាមួយគ្នារាប់ភ្លេចដូចប្តីប្រពន្ធទៅហើយថ្វើបើមិនទាន់បានរៀបការពេញច្បាប់ក៏ដោយ គ្រាដែលបុរសនេះបាសន្យាថា នឹងប្រាប់ឲ្យម្តាយគេ ចូលស្ដីដណ្តឹងនាងតាមប្រពៃណី តែមិនឃើញចូលស្តីដណ្តឹងឡើយ។
ស្រី្តរងគ្រោះបន្តទៀតថា លុះប៉ុន្មានថ្ងៃមកនេះទើបបែកធ្លាយថា បុរសកំហូចមានប្រពន្ធកូនហើយ ទើបនៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ សាច់ញាតិរបស់នាង បានរៀបចំអន្ទាក់ហៅបុរសនេះ មកដេកក្នុងបន្ទប់ជួល របស់នាងនិងរួមរ័កបាន២ដងទៀត ក៏ត្រូវក្រុមគ្រួសារនាង ប្តឹងសមត្ថកិច្ចឲ្យចាប់ វាយខ្នោះយកមកសាកសួរ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យតែម្តងទៅ ។
នៅចំពោះមុខសមត្ថកិច្ចបុរសកំហូចបានសារភាពថា រូបគេធ្លាប់មានប្រពន្ធកូនពិតមែន តែបែកគ្នាយូរហើយ។ រូបគេបានមកស្រឡាញ់នាង រដ្ឋា នេះ មានរយៈពេល៣ឆ្នាំមកហើយដែរ ព្រមទាំងបានរួមរ័កជាមួយគ្នាក៏ច្រើនដងមកហើយដែរ ដោយខ្លួនបានសន្យាថា នឹងឲ្យម៉ែឪចូលស្ដីរៀបការពេញច្បាប់ តែម៉ែថាចាំចូលឆ្នាំ និងរង់ចាំគាត់មកពីប្រទេសថៃសិន ចាំចូលស្ដីដណ្តឹង ។ ប៉ុន្តែខាងស្រីស្តាប់មិនបានក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនគាត់ ធ្វើឲ្យគាត់ហួសចិត្តខ្លាំងណាស់ ។
យ៉ាងណារឿងរ៉ាវនេះក្រោយពីសម្ថតកិច្ចបានសាកសួរទៅលើជនសង្ស័យរួចដោះស្រាយមិនចេញ ទើបសម្ថតកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យសម្រេចកសាងសំណុំរឿងបញ្ចូនទៅ អធិកាដ្ឋាននគរបាល ខណ្ខមានជ័យ ដើម្បីចាត់ការបន្តតែប៉ុណ្ណោះ ៕ ប្រាថ្នា