ភ្នំពេញ៖ ករណីចោរ ឆក់ លួច និងប្លន់នៅក្នុងមូលដ្ឋាននៃទឹកដីខណ្ឌសែនសុខ កំពុងកក្រើកទាំងថ្ងៃទាំងយប់ ធ្វើអោយបងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ខណៈចំណាត់ការរបស់សមត្ថកិច្ចមូលដ្ឋានគ្មានប្រសិទ្ធភាពសោះ ។
ជាក់ស្តែងនាព្រឹកថ្ងៃទី ២១ ខែមីនាឆ្នាំ ២០១៧ វេលាម៉ោង ១០ និង ៤០នាទី មានករណីឆក់កាបូបបានសម្រេចមួយលើកទៀតហើយនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ភូមិ និងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នារីរងគ្រោះ មាន ឈ្មោះ មាស ណៃនី អាយុ ២៦ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសុខ ។
តាមការរៀបរាប់របស់នារីរងគ្រោះ បានអោយដឹងថា មុនកើតហេតុគាត់ជិះម៉ូតូមួយគ្រឿងម៉ាក Let’s សេរី២០១៥ ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1CG-0789 តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចមុខ ក្រសួងពាណិជ្ជកម្ម ស្រាប់តែមានជនសង្ស័យគ្នា២នាក់ រាងស្គមជិះម៉ូតូ និច ក្នុងទិសដៅស្របគ្នាបានធ្វើសកម្មភាពឆក់ការបូបបានសម្រេច បណ្តាលអោយនារីរងគ្រោះដួលរលាត់ដៃជើង ហើយជនសង្ស័យបានជិះគេចខ្លួនដោយសុវត្ថិភាពមិនរំខានសមត្ថកិច្ចសូម្បីតែបន្តិច។
តាមការបញ្ជាក់របសនារីរងគ្រោះថា ក្នុងការបូបនោះមានលុយ ៧៨០ដុល្លារ ទូរស័ព្ទIphone6 មួយគ្រឿង អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរមួយសន្លឹក និងកាត ATM ចំនួនមួយសន្លឹកផងដែរ។
ក្រោយកើតហេតុនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លាដើម្បី អោយសមត្ថកិច្ចជួយតាមចាប់ជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់ប៉ុន្តែប្រហែលជាគ្មានសង្ឃឹមទេ៕ តុង សីហា