ព័ត៌មានទាន់ហេតុការណ៍៖

បន្តិចទៀតនេះ ឧកញ៉ា លី ឈុនអូ ត្រៀមកាច់ចង្កេះឆ្លងឈើទៅវៀតណាមជាង២០ឡានយីឌុប

ចែករំលែក៖

ខេត្តព្រៃវែង៖ ឧកញ៉ា លី ឈុនអូ មេឈ្មួញឈើប្រណីតរកស៊ីលោតឆត្រល្មើសច្បាប់នៅតែគឃ្លើន ក្នុងមុខជំនួញ ដែលសង្គមស្អប់ខ្ពើមួយនេះដដែល ហើយគេបានរាយការណ៍មកថា នាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នេះ ឈើរបស់ឧកញ៉ា លី ឈុនអូ មិនតិចជាង២០រថយន្តយីឌុប កំពុងត្រៀមកាច់ចង្កេះឆ្លងទៅប្រទេសវៀតណាមតាមច្រកម៉ឺនជ័យ បន្ទាប់ពីរត់ការណ៍ជាមួយនឹងអាជ្ញាធរ សមត្ថកិច្ច ជាច្រើនស្ថាប័នរួចរាល់ហើយនោះ ។

ឈើជាច្រើនឡានយីឌុបនេះ ត្រូវបានដឹកចូលទៅកាន់តំបន់នោះតាំងពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧មកម្ល៉េះ ប៉ុន្តែត្រូវបានអាក់ខាន មិនមានឱកាសកាច់ចង្កេះឆ្លងទៅប្រទេសវៀតណាមតាមច្រកម៉ឺនជ័យនេះឡើយ ដោយសារខាងភាគីវៀតណាមមិនអនុញ្ញាត ប៉ុន្តែយប់នេះ ឈើទាំងនោះកំពុងរៀបចំរួចជាស្រេចដើម្បីឆ្លងទៅប្រទេសវៀតណាមឲ្យរួចរាល់ទាំងអស់ មិនឲ្យលើសពីម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមីនា នេះ ។

ពាក់ព័ន្ធនឹងករណីនេះ នគរវត្តមិនអាចទាក់ទងបានទេ ពីឧកញ៉ា លី ឈុនអូ មេឈ្មួញដ៏គឃ្លើននឹងផ្លូវច្បាប់នាព្រលប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។ ដោយឡែក លោក ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែងបានប្រាប់នគរវត្តតាមទូរស័ព្ទថា រឿងនេះខ្ញុំមិនបានដឹងអ្វីទេ ហើយក៏មិនដឹងថា ធ្លាប់មានការចេញឈើនៅច្រកនេះដែរ ។ លោកបន្តថា ខ្ញុំមិនជឿថា មានឈើដ៏ច្រើនបែបនោះទេ ប៉ុន្តែតាមពិនិត្យមើលសិន ។ លោកជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងបានប្រាប់នគរវត្តតាមទូរស័ព្ទយ៉ាងដូច្នេះថា ចាំមើលខ្ញុំទាក់ទងទៅខាងខេត្ត ឲ្យមើលជុំវិញបញ្ហានេះ តើវាទៅជាយ៉ាងណា ។

គួររំលឹកថា មួយរយៈនេះ ឧកញ៉ាលី ឈុនអូ បានលេចមុខសារជាថ្មីក្នុងមុខជំនួញឈើល្មើសច្បាប់ គ្រាន់តែប្រើរូបភាព ប្រមូលទិញឈើចេញពីតំបន់បាតអាង ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានប៉េសេស្របច្បាប់ ប៉ុន្តែប្រើរូបភាព ដឹកជញ្ជូនឈើទាំងនោះ ដោយប្រើរថយន្តយីឌុបធ្វើជាមធ្យោបាយឆ្លងទៅប្រទេសវៀតណាមផ្ទុយនឹងច្បាប់ ដែលឈើទាំងនោះមានសិទ្ធិត្រឹមតែចែកចាយក្នុងស្រុក ។ សមត្ថកិច្ចជាច្រើនស្ថាប័ន កំពុងស្រក់ទឹកមាត់នឹងមុខជំនួញល្មលើសច្បាប់នេះ ទាំងចេតនាបំពាននឹងភារកិច្ចរបស់ខ្លួនដើម្បីប្រយោជន៍ និងក្បត់ឧត្តមគតិខ្លួនឯង ។ សមត្ថកិច្ចជាច្រើនកំពុងរិះគន់យ៉ាងចំហរទៅលើមន្ត្រីមួយចំនួនកំពុងពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើរបស់ឧកញ៉ាលី ឈុនអូ ដឹកឈើកាច់ចង្កេះទៅវៀតណាមតាមច្រកម៉ឺនជ័យ ដូចហែកឋិននេះ ៕ សុខ ខេមរា

 


ចែករំលែក៖