ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សស្រី៥នាក់រងរបួសធ្ងន់ ស្រាលដោយសារករណីគ្រោះថ្នាក់ចរារណ៍គួរឲ្យរន្ធត់រវាងម៉ូតូបើកស្របទិសគ្នាបុក ពេញទំហឹងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ចន្លោះគីឡូម៉ែត្រលេខ១២២ និងលេខ១២៣ ភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ម៉ូតូបង្កហេតុម៉ាកC១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង ១I.៥៩១៧ បើកបរដោយឈ្មោះ ឆាន់ សារី ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្សរស់នៅភូមិក្រោលគោ ឃំុក្រោលគោ ស្រុកស្វាយជ្រំ ជិះឌុបអ្នករួមដំណើរ ឈ្មោះគង់ ស្រីនី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្នង់ ឃំុក្រោលគោ ស្រុកស្វាយជ្រំ និងឈ្មោះ តាំ ស្រីនោ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្នង់ ឃំុក្រោលគោ ស្រុកស្វាយជ្រំ ដោយធ្វើដំណើរពីកើតមកលិច ហើយបានបត់ឆ្វេងមិនប្រយត្ន័ ស្រាប់តែមានម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ ១B០១៦៩ បើកបរដោយឈ្មោះ នង ស៊ីីណា ភេទស្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រនៅភូមិភ្នៅ ឃំុ តាសួរ ស្រុកស្វាយជ្រំ និងអ្នករួមដំណើរដោយឈ្មោះ បេ ចាន់ធូ អាយុ១២ឆ្នាំ មុខរបរសិស្សនៅភូមិជាមួយគ្នា ចាប់ហ្វា្រាំងមិនទាន់ ក៏បុកគ្នាពេញទំហឹងបណ្ដាលឲ្យដួលរណូករណែលពេញផ្លូវទាំងសងខាង ។
ក្រោយមកអ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ បានជួយរាយការណ៍មកកាន់សមត្ថកិច្ចមូលដ្ឋាន រួចដឹកភាគីទាំងអស់ទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីព្យាបាលមុខរបួស ។
សមត្ថកិច្ចចរាចរណ៍បានវាស់វែងនៅកន្លែងកើតហេតុរួចរាល់ ក៏អូសយកមធ្យោបាយម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីភាគីពាក់ព័ន្ធចូលខ្លួនមកដោះស្រាយគ្នាតាមក្រោយ ៕ យឹម សុថាន