ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលាម្នាក់លង់ទឹកស្រះក្នុងវត្តគោកបញ្ជាន់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ ក្មេងប្រុសសិស្សសាលាគោកបញ្ជាន់ម្នាក់ ឆ្លៀតពេលទំនេរពីការសិក្សា បានដើរលេងនៅមាត់ស្រះ ទឹកជាមួយមកត្តភក្ដិចំនួន៤ទៅ៥នាក់ទៀត ខណៈពេលនោះស្រាប់តែមានមិត្តភក្ដិម្នាក់ របូតស្បែកជើងធ្លាក់ ចូលទៅក្នុងស្រះទឹកនោះដែលមានជម្រៅជាង៥ម៉ែត្រ។ ឃើញបែបនេះក្មេងប្រុសខាងលើ បានលោតចុះទៅយកស្បែកជើងឲ្យមិត្តភក្ដិ ហើយក៏បានបណ្ដាលឲ្យលង់ទឹក ដោយឡែកមិត្តភក្ដិម្នាក់ ពេលឃើញក្មេងប្រុស នោះលង់ទឹកក៏បានលោតចុះទៅជួយ ហើយក៏បានលង់ទឹកដែរ។ ប៉ុន្តែត្រូវបានមិត្តភក្ដិម្នាក់ទៀត លោតចុះទៅ ជួយទាន់រួចផុតពីសេចក្ដីស្លាប់ និងបានស្រែកឲ្យអ្នកនៅជិតនោះជួយក្មេងរងគ្រោះ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយអ្នកជិតខាងបានរត់ទៅជួយដែរ ប៉ុន្តែជួយមិនទាន់ក្មេងប្រុសនោះ ក៏បានលិចបាត់ទៅក្នុងទឹកតែម្ដង។

image1

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៨និង៤៥ នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅក្នុង ស្រះទឹកក្នុងវត្តគោបញ្ជាន់ ស្ថិតនៅក្នុងភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពត្រូវបានប្រជាពលរដ្ឋ នាំគ្នាចុះរាវរកជាច្រើនម៉ោង តាមរយៈការអូសអួន ប៉ុន្តែមិន បានឃើញនោះឡើយ លុះក្រោយមកបានជួលជនជាតិខ្មែរឥស្លាមក្នុងតម្លៃ៣០០ដុល្លារឲ្យចុះរាវរក ហើយ ត្រឹមតែ១៥នាទីប៉ុណ្ណោះគឺនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃដដែល ក៏បានប្រទះឃើញសព ក្មេងប្រុសរូបនោះ។

image2

តាមប្រភពព័ត៌មានបានឲ្យដឹងថាក្មេងប្រុសរងគ្រោះខាងលើនោះ ឈ្មោះទ្រី សុបញ្ញាអាយុ១៣ឆ្នាំ ជាសិស្ស រៀននៅសាលាបឋមសិក្សាគោកបញ្ជាន់ មានម្តាយឈ្មោះ ប៊ុន ស្រីនី អាយុ៣៥ឆ្នាំនិងឪពុកឈ្មោះ ទ្រី សុខណា អាយុ៣៨ឆ្នាំជាកម្មករកម្មការិនីរោងចក្រកាត់ដេរ និងមានទីលំនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។នៅមុនពេលកើតហេតុខាងលើ ក្មេងប្រុសរងគ្រោះ បានទៅរៀនប៉ុន្តែ ដោយសារតែលោកគ្រូប្រចាំថ្នាក់ ជាប់រវល់សុំច្បាប់មិនបានទៅបង្រៀន រូបគេនិងមិត្តភក្ដិ៤ទៅ៥នាក់ទៀត បាននាំគ្នាដើរលេងនៅមាត់ស្រះទឹកខាងលើ។លុះមួយសន្ទុះក្រោយមកមានក្មេងប្រុសម្នាក់ដែលជាមិត្តភក្ដិ បានជ្រុះស្បែកជើងធ្លាក់ចូលទៅក្នុងស្រះទឹកនោះ ក្មេងប្រុសរងគ្រោះក៏បានលោតចុះទៅយកស្បែកជើងឲ្យ ហើយក៏បានលង់ទឹក ភ្លាមៗនោះមិត្តភក្ដិម្នាក់ទៀត បានលោតចុះទៅជួយ ហើយក៏បានលង់ដែរ ប៉ុន្តែក៏មាន មិត្តភក្ដិម្នាក់ទៀត ជាជនទី៣លោតចុះទៅជួយអ្នកទីរួចផុតពីសេចក្ដីស្លាប់ ចំណែកក្មេងប្រុសរងគ្រោះ គេជួយមិនទាន់ក៏បានលិចបាត់ទៅក្នុងទឹកបណ្ដាលឲ្យស្លាប់តែម្ដង។

image3

ដោយឡែកឪពុកម្ដាយរបស់ក្មេងប្រុសរូបនោះ បន្ទាប់ពីរកឃើញសពកូនប្រុស មានការរន្ធត់ចិត្តរហូតដល់ សន្លប់បាត់ស្មារតី ចំណែកអ្នកដែលទៅចោមរោមមើលហេតុការណ៏នោះ បានទុកម៉ូតូចោលមិនប្រយ័ត្ន ត្រូវបានចោរកាច់សោរកម៉ូតូ ១គ្រឿងយកទៅបាត់ដោយសុវត្ថិភាព ៕សុខាសែនជ័យ

 


ចែករំលែក៖