ភ្នំពេញ៖ រថយន្តសេរីទំនើបពាក់ស្លាកលេខ ខេមរភូមិន្ទ បើកដោយជនជាតិចិន បានបោះពួយយ៉ាងលឿន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូង ផ្លូវយ៉ាងកក្រើកបណ្តាលឲ្យរថយន្តរងការខូចខាតបែកកង់មុខខាងឆ្វេងទៅមុខលែងរួច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយមហាវិថីសហពន្ធ័រុស្សី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ភេទប្រុស ជនជាតិចិន បើករថយន្តមួយគ្រឿងម៉ាក Lexus GX460 ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 2-1006 ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តខាងលើបើកតាមបណ្តោយផ្លូវសហពន្ធរុស្សី ក្នុងទឹសដៅពី កើតទៅលិច ពេលមកដល់ចំណុចកើតហេតុ ផ្លូវបំបែក R6 រថយន្តក៏រេចង្កូតទៅបុកក្បាលនាគបណ្តាលឲ្យរថយន្តបែកកង់មុខខាងឆ្វេង ។
ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះជនបង្កបានព្យាយាមបើករថយន្តទាំងបែកកង់ទៅមុខទៀតប្រហែល១០០ម៉ែត្រ ទើបឈប់ដូរកង់បម្រុងបើកគេចចេញ តែត្រូវគេរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកទាន់ឃាត់រថយន្តទុក ។
ក្រោយពេលកើតហេតុ រថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅកំលាំងជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីដើម្បីឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយ ។
គួរបញ្ជាក់ផងដែរថា ករណីបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើ ជនបង្កមានជាតិស្រវឹងជាប់ខ្លួន ខណៈកំពុងបើកបរផងដែរ ហើយត្រូវបានខាងសមត្ថកិច្ចមិនបានឲ្យជនបង្កផ្លុំជាតិអាកុល ដើម្បីវាស់កម្រិតជាតិស្រវឹងនៅកន្លែងកើតហេតុផងទេ ៕ ព្រែកជ័យ