ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ២ភូមិត្អូញត្អែរពីការលំបាកឆ្លងស្ពានឈើស្ទឹងក្របៅដែលចាស់ទ្រុឌទ្រោម លំបាកដឹកដំណាំកសិផល ស្នើអាជ្ញាធរខេត្តជួយកសាងស្ពានថ្មី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្ពានឈើមួយកន្លែងឆ្លងស្ទឹងក្របៅ ស្ថិតក្នុងភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបានកសាងជិត២០ឆ្នាំមកហើយនោះ ប្រវែងជាង៤០ម៉ែត្រ មានសភាពចាស់ទ្រុឌទ្រោមជាខ្លាំង រហូតមកដល់បច្ចុប្បន្ននេះ ត្រូវគេមើលឃើញថា បង្កឱ្យមានការលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដឹកដំណាំកសិផលមករកទីផ្សារ ។

ប្រជាពលរដ្ឋចំនួន២ភូមិ ស្មើនិងជាង៤០០គ្រួសារ គឺភូមិក្របៅ ភូមិកំពង់ក្រសាំង មានការត្អូញត្អែរព្រួយបារម្ភពីសុវត្ថិភាពប្រឈម និងបញ្ហាគ្រោះថ្នាក់នៅពេលដឹកដំណាំកសិផលឆ្លងកាត់ម្តងៗ។

ប្រជាពលរដ្ឋ ក៏បានស្នើសុំឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ លោក សួន បវរ ដែលចាអភិបាលខេត្ត ទើបតែកាន់តំណែងថ្មី និងជាពិសេស លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ មេត្តាជួយពិនិត្យដោះស្រាយកសាងស្ពានថ្មីជំនួសស្ពានចាស់ដើម្បីសម្រួលដល់ការលំបាករបស់ពួកគាត់ប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ដាច់ស្រាយ៉ាលពីទីរួមខេត្តបន្ទាយមានជ័យនេះផង ។

ពួកគាត់ក៏បានស្នើសុំឱ្យអាជ្ញាធរខេត្ត ក៏ជួយកសាងផ្លូវលំមួយខ្សែប្រវែងជាង២ពាន់ម៉ែត្រថែមទៀតតភ្ជាប់ពីស្ពានក្របៅ មកឃុំសំបួរ ស្រុកមង្គលបុរីផងដែរ ។

ពីព្រោះផ្លូវមួយខ្សែនេះ បច្ចុប្បន្នប្រជាពលរដ្ឋ នាំគ្នារៃអង្គាសប្រាក់កសាងផ្លូវដោយខ្លួនឯង ដោយកន្លងមកមិនទាន់មានអជ្ញាធរជួយកសាងជួសជុលឱ្យនោះឡើយ ។

ប្រជាពលរដ្ឋបានប្រាប់នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ឱ្យដឹងថា ស្ពានឈើ ដែលរងការខូចទ្រុឌទ្រោមកសាងជាយូរឆ្នាំមកហើយនោះកន្លងមកមិនទាន់បង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ ក៏ប៉ុន្តែមានរថយន្តនិងគោយន្តប្រជាពលរដ្ឋមួយចំនួន ក៏បានជាប់ផុងហើយបម្រុង និងធ្លាក់ចូលស្ទឹងផងដែរ ។

បច្ចុប្បន្នប្រជាពលរដ្ឋទាំង២ភូមិខាងលើ បានធ្វើដំណើរឆ្លងកាត់ស្ពានឈើមួយនេះ ដឹកដំណាំកសិផល មកទីផ្សារនៅឯស្រុកមង្គលបុរី ពីព្រោះផ្លូវទៅកាន់ទីរួមស្រុកព្រះនេត្រព្រះ មិនអាធ្វើដំណើរបាននោះទេគ្មានប្រព័ន្ធផ្លូវគ្រប់គ្រាននិងឆ្ងាយពីទីផ្សារផងទៀត ។ ជាទម្លាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាតស្ពានស្ទឹងក្របៅផ្លូវឆ្ពោះមកឃុំសំបូរ ស្រុកមង្គលបុរី ជិតនិងទីផ្សារ ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ការដឹកដំណាំកសិផល ឆ្លងកាត់ស្ពានឈើនោះដែរ ដឹកតាមមធ្យោបាយគោយន្តបានតែ១០ការុងប៉ុណ្ណោះ ក្នុង១លើក ។ បើដឹកដាក់លើសពី១០ការុងខ្លាចស្ពានឈើបាក់បង្កគ្រោះថ្នាក់ពីព្រោះស្ពាននោះមិនអាចធុននិងការដឹកធ្ងន់បានឡើយ។

មិនតែប៉ុណ្ណោះចំណែកប្រជាពលរដ្ឋ ដែលចង់កសាងផ្ទះធ្វើអំពីថ្មជាដើម មិនហ៊ានដឹកថ្ម រឺស៊ីម៉ង់ត៍ឆ្លងកាត់ទម្ងន់ធ្ងន់ៗបានឡើយ ។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តទម្លាក់ស៊ីម៉ង់ត៍ រឺថ្មនៅក្បាលស្ពាន ដែលបានទិញពីទីផ្សារ ហើយធ្វើការដឹកជញ្ជូនតាមគោយន្តបន្តិចម្តងៗចូលទៅក្នុងភូមិ។

ពាក់ព័ន្ធនឹងបញ្ហានេះកាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ អ្នកយកព័ត៌មានបានទំនាក់ទំនងលោក លី សុវណ្ណរិទ្ធ អភិបាលស្រុកព្រះនេត្រព្រះ ដើម្បីឱ្យជួយបកសាយនោះផងដែរ ប៉ុន្តែទូរស័ព្ទរបស់លោកមិនអាចទំនាក់ទំនងបានឡើយ ៕ សំ វិច្ឆិកា

1 (1) 2 (1) 3 4 5 6


ចែករំលែក៖