ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​កំពូល​ ចាប់ផ្ដើម​សវនាការ​រឿង​លោក​ នី​ ចរិយា​ ជា​ការ​រឹត​បន្តឹង​សន្តិសុខ​ខ្លាំង​​

ចែករំលែក៖

ភ្នំពេញ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី២៤ ខែមីនា នេះ ចាប់ផ្ដើមសវនាការរឿងក្ដីលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គជប ជាមួយនឹងការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ។

ក្រុមអ្នកសារព័ត៌មាន ពុំត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណតុលាការកំពូល ដើម្បីផ្តិតយករូបភាពនោះទេ ពួកគេបានត្រឹមឈរក្បែររបងតុលាការប៉ុណ្ណោះ ។ មួយរយៈចុងក្រោយនេះ ក្រុមអ្នកសារព័ត៌មាន ហាក់ត្រូវបានហាមប្រាមជាបន្តបន្ទាប់ចំពោះរឿងក្តីរសើបមួយចំនួន តួយ៉ាងដូចករណី ជនជាប់ចោទ អឿត អាង ហៅជួប សម្លាប់ នៅឯសាលាដំបូងរាជធានីភ្នំពេញ ជាដើម ។

1

លោក សំ សុគង់ ជាមេធាវីការពារក្ដីលោក នី ចរិយា ថ្លែងថា សវនាការនេះ គឺ ការសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក នី ចរិយា ។

ឯកសារពីតុលាការកំពូល បង្ហាញថា លោក នី ចរិយា ជាប់ចោទពីបទ “សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ” ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមីនា ខែមេសា ឆ្នាំ២០១៦ តាមមាត្រា២៩និងមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ។

2

គួរបញ្ជាក់ថា ក្នុងសំណុំរឿងនេះ មានជនត្រូវចោទ៥នាក់ ហើយត្រូវបានតុលាការរកឃើញថា បានបញ្ចុះបញ្ចូល ឬ លួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ៕ ចេស្តា

 


ចែករំលែក៖