ខេត្តកំពង់ស្ពឺ៖ មន្ត្រីយោធានិងជាសិក្ខាកាមសាលាហ្វឹកហ្វឺនរថគ្រោះ៨៦ចំនួន៣នាក់ ត្រូវក្រុមឃាតកតាមសម្លាប់បណ្តាលឲ្យជនរងគ្រោះម្នាក់ក្នុងចំណោម៣នាក់ ស្លាប់ និង២នាក់រត់ចូលបន្ទាយទាន់ ហើយក្រុមជនដៃដល់បានជិះម៉ូតូគេចខ្លួនអស់ ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចទំនប់សំរោងបាក់ ស្ថិតក្នុងភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយសាកសពជនរងគ្រោះទើបនឹងរកឃើញនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ដោយសារក្រុមឃាតកកាប់ទម្លាក់ទៅក្នុងទឹក។
មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវជនដៃដល់សម្លាប់ឈ្មោះមុំ សារី ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទៀប ខេត្តស្វាយរៀង ជាមន្ត្រីយោធាមករៀននៅសាលាហ្វឹកហ្វឺនកងរថគ្រោះ៨៦។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូ១គ្រឿងជាមួយនិងមិត្តភក្តិរៀននៅសាលាហ្វឹកហ្វឺនជាមួយគ្នា២នាក់ ម្នាក់ឈ្មោះឡាញ់ ពិនថុនា ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះឆាយ សុខរី ភេទប្រុស អាយុ២៧ឆ្នាំ តាមភ្លឺទំនប់សំរោងបាក់ ស្ថិតនៅភូមិកើតហេតុ។ ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ៦នាក់ជិះម៉ូតូ២គ្រឿងបានហៅឲ្យជនរងគ្រោះឈ្មោះមុំ សារី និងអ្នករួមដំណើរ២នាក់ខាងក្រោយឈប់ ហើយជនសង្ស័យបានកាប់និងវាយទៅលើក្រុមជនរងគ្រោះតែម្តង។ ភ្លាមៗនោះឈ្មោះឆាយ សុខរី និងឈ្មោះឡាញ់ ពិនថុនា បាននាំគ្នាចូលអង្គភាពនៃសាលាហ្វឹកហ្វឺនកងរថគ្រោះ៨៦ គ្រាដែលក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូចេញពីកន្លែងកើតហេតុ។ ភ្លាមៗនោះដែរ សិក្ខាកាមនៅក្នុងសាលាបាននាំគ្នាមករកជនរងគ្រោះពេញមួយយប់តែមិនឃើញ លុះព្រឹកថ្ងៃទី២៥ ខែមីនា ក៏នាំគ្នាចុះរាវនៅក្នុងទឹកទើបប្រទះឃើញសពជនរងគ្រោះ មុំ សារី នៅចំណុចទំនប់សំរោងតែម្តង។
តាមប្រភពពីមន្ត្រីនគរបាលស្រុកបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែមីនា នេះ សមត្ថកិច្ចបានរកឃើញកាំបិត និងកាបូប នៅមិនឆ្ងាយពីចំណុចកើតហេតុ ដោយសង្ស័យថាជារបស់ក្រុមជនដៃដល់។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានសន្និដ្ឋានករណីនេះថា អាចជារឿងគំនុំរវាយក្រុមជនដៃដល់និងជនរងគ្រោះ ប៉ុន្តែផ្តើមចេញពីករណីអ្វីនោះនៅពុំទាន់ប្រាកដទេ ហើយករណីនេះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីឈានទៅឃាត់ខ្លួនក្រុមជនដៃដល់ចាត់ការតាមផ្លូវច្បាប់៕ សេនាស័ក្តិ