ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិពេលនេះបាននិងកំពុងឈានមកដល់ដំណាក់ កាល «ទឹកលិចដល់ច្រមុះ»ហើយ។ គណ បក្សនេះអាចនឹងរលាយបើរកវិធីសង្គ្រោះ បន្ទាន់មិនទាន់ពេលវេលានោះទេ។ អ្វីដែល គ្រោះថ្នាក់ធំបំផុតនោះគឺបក្សនេះអាចនឹងត្រូវ គ.ជ.ប.លុបចេញពីបញ្ជីបោះឆ្នោត?
ពេលនេះស្ថានភាពជំងឺកាន់តែធ្ងន់និងកាចសាហាវបំផុតរបស់បក្សសង្គ្រោះជាតិ មិនមែនត្រូវការត្រឹមតែជា «ឈាមបញ្ចូល» ដើម្បីសង្គ្រោះបន្ទាន់នោះទេ ពោលគឺត្រូវ ការវះកាត់យក«បេះដូង»របស់អ្នកណា ម្នាក់ក្នុងបក្សនេះដើម្បីយកមកសង្គ្រោះជីវិត បក្សទាំងមូលតែម្តង។ ពិតណាស់ប្រសិន បើមេដឹកនាំបក្សនេះគ្មានសេចក្តីក្លាហាន មិនអារកាត់មិន «ធ្វើពលីកម្មដើម្បីសង្គ្រោះបក្ស»ទេ សូមត្រៀមទង់ក្រពើឲ្យហើយ ទៅ ។
វិបត្តិធំ៤យ៉ាងដែលក្លាយជាជំងឺមហា រីកបេះដូងរួមរឹតបក្សសង្គ្រោះជាតិគឺ ការ សម្រេចចិត្តខុសខាងនយោបាយ, សមាជ ខុសច្បាប់, វិបត្តិក្បាលម៉ាស៊ីន និងការបែកបាក់ហែកហួរដណ្តើមអំណាចផ្ទៃក្នុង។ លើសពីនេះ តើអ្វីខ្លះទៀតដែលគណបក្សសង្គ្រោះជាតិកំពុងប្រឈមជាក់ស្តែង? ហើយតើអ្វីជាសេនារីយោថ្មីដើម្បីប្រើជា វិធីព្យាបាលក្នុងដំណាក់កាលសង្គ្រោះ បន្ទាន់នេះ?
ទី១-កំហុសខាងយុទ្ធសាស្ត្រនយោ បាយ ៖ ការសម្រេចចិត្តខុសខាងនយោបាយ កើតឡើងផ្ទួនៗទាំងលោក សម រង្ស៊ី និង លោក កឹម សុខា។ ដោយសារតែការបែក ធ្លាយរឿងអាស្រូវផ្លូវភេទ លោក សម រង្ស៊ី សម្រេចចិត្តលាលែងពីបក្សក្រោមលេសថា សង្គ្រោះបក្ស។ កំហុសនេះនាំដល់ការបង្កើត កំហុសថ្មី១ទៀតគឺលោក កឹម សុខា សម្រេច ចិត្តធ្វើសមាជទាន់ហន់ដើម្បីក្រសោបយកបក្សនេះដោយភ្លេចមើលលក្ខន្តិកៈហើយ បំពានលក្ខន្តិកៈដែលជាច្បាប់កំពូលរបស់បក្ស ។
ទី២-វិបត្តិផ្ទៃក្នុង ៖ «សមាជទាន់ហន់» ដែលគេហៅថា «សមាជខុសច្បាប់» បាននាំដល់ការបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងររវាងថ្នាក់ ដឹកនាំនឹងសកម្មជនក្នុងកូតាបក្ស សម រង្ស៊ី និងកូតាបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។ ទំនាស់និងការថ្នាំងថ្នាក់គឺបានកើត ឡើងទាំងនៅថ្នាក់មូលដ្ឋានថ្នាក់កណ្តាល និងក្នុងជួរថ្នាក់ដឹកនាំ។ មនុស្សរបស់លោក គង់ គាំ ក្នុងនោះមានទាំងកូនៗរបស់លោក គង់ គាំ, លោក ជា ប៉ូច, លោក នេត ណាត, លោកស្រី សេង ធារី និងមនុស្សជាច្រើន ទៀតគឺមិនគាំទ្របេក្ខភាពលោក កឹម សុខា ជាប្រធានបក្សទេ។ សូម្បីតែលោក យឹម សុវណ្ណ ក៏មិនគាំទ្រនិងមិនឱនក្បាលធ្វើជាអនុប្រធានបក្សនៅក្រោមលោក កឹម សុខា ដែរ។ នេះមិនទាន់រាប់ដល់បញ្ហារញ៉េ រញ៉ៃដែលក្រុមលោក កឹម សុខា ខំក្រសោប យកតួនាទីរៀបចំបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់ និងការតវ៉ាលើការទារលុយមុខ តំណែងនេះផង ។
ទី៣-បង្កើតកំហុសផ្នែកផ្លូវច្បាប់ ៖ ធ្វើសមាជទាន់ហន់ដោយបំពានលក្ខន្តិកៈ គណបក្សបានបង្កើតឲ្យមានកំហុសផ្នែកផ្លូវ ច្បាប់។ ឥឡូវនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនទទួលជួបទេ ប៉ុន្តែបានចាត់មន្ត្រីជំនាញបច្ចេកទេសឲ្យជួបជំនួស។ ពីព្រោះម៉ោង នេះមិនមែនរឿងនយោបាយទេហើយ ក្រសួងមហាផ្ទៃក៏មិនឆោតឲ្យគណបក្ស សង្គ្រោះជាតិខ្ចីដៃលេងល្បែងនយោបាយ ជជែករឿងនយោបាយធ្វើជាឡប់ឡែបិទបាំងថ្ពិនភ្នែកប្រជាជនលើកំហុសផ្នែកច្បាប់ នោះទេ ច្បាប់ជាច្បាប់។ ម៉ោងនេះគឺនិយាយអំពីទិដ្ឋភាពច្បាប់និងការអនុវត្តច្បាប់។
ទី៤-ដំណើរឈានទៅដល់ការរលាយ បក្ស និងការលុបចេញពីបញ្ជីឈ្មោះបោះឆ្នោត ៖ នេះជាស្ថានភាពប្រកាសអាសន្ន។ ច្បាប់មិនបានហាមឃាត់ទេហើយច្បាប់ក៏មិនអាចអនុវត្តបានដែរបើសង្គ្រោះជាតិធ្វើអ្វីៗអនុលោមតាមតែលក្ខន្តិកៈគណបក្ស និងតាមតែភាពត្រឹមត្រូវ។ ឥឡូវនេះគណបក្សមានជំងឺគាំងបេះដូងធ្ងន់ធ្ងរហើយ។ អ្នកនាំពាក្យ គ.ជ.ប. គឺលោក ហង្ស ពុទ្ធា បាននិយាយប្រាប់វិទ្យុបារាំងកាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៧ថា «ប្រសិនក្រសួង មហាផ្ទៃសម្រេចមិនផ្តល់សុពលភាពទេ នោះ គ.ជ.ប. ក៏សម្រេចលុបចោលសុពល ភាពបេក្ខជនគណបក្សសង្គ្រោះជាតិសម្រាប់ ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤នេះដែរ»។ ពុទ្ធោ! ធ្ងន់ធ្ងរ!។
ទី៥-តើអ្វីជាសេនារីយោសង្គ្រោះ បន្ទាន់?៖ ក្នុងជំងឺដ៏ធ្ងន់ធ្ងរទាំងអស់នេះគឺត្រូវការមេបក្សម្នាក់ផ្តល់បេះដូងមកសង្គ្រោះ ជីវិតបក្សទាំងមូល។ គណបក្សត្រូវតែធ្វើសមាជឡើងវិញបន្តបន្ទាប់ឲ្យត្រូវតាមខ្លឹមសារដែលមានចែងក្នុងលក្ខន្តិកៈគណបក្ស។ លោក កឹម សុខា ត្រូវតែលាលែង ហើយ លោកស្រី ជូឡុង សូមួរ៉ា ភរិយាលោកសម រង្ស៊ី និងលោក គង់ គាំ ត្រូវតែឈរឈ្មោះជាបេក្ខភាពប្រធានបក្សដើម្បីបោះឆ្នោតឲ្យមានប្រជាធិបតេយ្យ។ ចំពោះតួនាទីអនុ ប្រធានបក្សក៏ត្រូវតែប្រកាសចំហ និងបោះឆ្នោតឲ្យបានត្រឹមត្រូវតាមប្រជាធិបតេយ្យ កុំធ្វើបង្គ្រប់កិច្ចដូចសមាជថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ។
ទេវតាជួយបានតែអំពើល្អ និងភាពត្រឹម ត្រូវទេ។ សារជូនពររបស់ «មេទេវតា» គឺ ជាគុណធម៌នយោបាយនិងជាការទូតនយោ បាយ ដែលមិនទាក់ទងផ្លូវច្បាប់ ការទទួល ស្គាល់ ឬការផ្តល់សុពលភាពណាមួយឲ្យ បក្សព្រះអាទិត្យនោះទេទោះបីលោក សម រង្ស៊ី បានយល់ខុសចំពោះសារនេះក៏ដោយ។ អ្នកនយោបាយគួរតែធ្វើជាគំរូសម្រាប់ប្រជា ជនដែលត្រូវមានទាំងសមត្ថភាព សេចក្តី ក្លាហាន សីលធម៌ និងគុណធម៌ បើមិន ដូច្នោះទេប្រយ័ត្នត្រូវ «បណ្តាសារបស់ ទេវតា»។ គុណធម៌ និងសមត្ថភាពសំខាន់ ណាស់ ដឹកនាំតែបក្សនយោបាយមួយ ពិបាកយ៉ាងនេះទៅហើយ… សូមប្រកាស អាសន្នម្តងទៀត គណបក្សសង្គ្រោះជាតិ កំពុងស្ថិតក្នុងស្ថានភាព «សង្គ្រោះបន្ទាន់ ហើយ» ៕ ហេង សូរិយា