ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនប្រុស ស្រី៨នាក់ចាប់យកគ្រឿងញៀនជាង៤ពាន់គ្រាប់ និងកាំភ្លើងខ្លី១ដើម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលវរៈសេនាតូចការបារព្រំដែនគោកលេខ៨០៧ ឈរជើង នៅបឹងត្រកួនកម្លាំងនគរបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានចេញប្រតិបត្តិការចុះស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនប្រុស ស្រី៨នាក់ ដកហូតវត្ថុតាងគ្រឿងញៀនជាង៤ពាន់គ្រាប់ និងកាំភ្លើងខ្លីកា៥៩មួយដើម ។

1

ការបង្រ្កាបទន្ទឹមដែលកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានកំពុងអនុវត្តកិច្ចការងារពង្រឹងសន្តិសុខ ក្នុងតំណាក់កាលដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទ្រង់ទ្រាយធំទូទាំងប្រទេស ។

ការបង្រ្កាបជនសង្ស័យគ្រឿងញៀនទាំង៨នាក់ បានជាបន្តបន្ទាប់បានសម្រេចពេលនេះ ក្រោយពីកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ លួចកាច់សោ.កយកម៉ូតូ ក្នុងភូមិសាស្ត្រ ស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ហើយបានឈានដល់រកឃើញបង្រ្កាបមុខសញ្ញាជនសង្ស័យប្រុស-ស្រីចំនួន៨នាក់តែម្តង ។

2

ពួកគេសុទ្ធតែ ជាមុខសញ្ញាចោរលួចកាច់សោ.កយកម៉ូតូ និងមុខសញ្ញាជួញដូរគ្រឿងញៀន នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកថ្មពួកនិងក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ។

កម្លាំងនគរបាលបង្ក្រាបឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន ធ្វើឡើងមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមីនា រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ។

3

លោកវរសេនីយ៍ទោខែម សោភ័ណ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា៖កម្លាំងនគរបាលបង្រ្កាប បន្ទាប់ពីសមត្ថកិច្ចបានធ្វើការបង្រ្កាបមុខសញ្ញាកាច់សោ.កម៉ូតូ និង ជួញដូរគ្រឿងញៀន២នាក់ប្តីប្រពន្ធ ដែលមានឈ្មោះ វ៉ាន់ ភាពជាប្តីនិងប្រពន្ធឈ្មោះឡៅ មុំ ។

តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត រហូតឈានដល់ការបង្រ្កាបចាប់ឃាត់ជាបន្តបន្ទាប់ ជនសង្ស័យគ្រឿងញៀនចំនួន៨នាក់ពីបទជួញដូរគ្រឿងញៀនខុសច្បាប់ រួមទាំងដកហូតបានវត្ថុថ្នាំញៀនមេតំហ្វេតាមីន WYសរុបទាំងអស់ចំនួន ៤ពាន់៨រយ ៤២គ្រាប់និងកាំភ្លើងខ្លីម៉ាកកា៥៩មួយដើមផងដែរ។

4

លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងកររង ទទួលផែនកណ្តាលនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯកចាប សុផាប្ញទ្ធិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសក៏បានបញ្ជាក់ ថា៖ជនសង្ស័យទាំង៨នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀននេះ ឈ្មោះ ១/- គី ផា ភេទប្រុសអាយុ៥០ឆ្នាំ នៅភូមិនបន្ទាយមានរិទ្ធឃុំគោករមៀត ស្រុកថ្មពួក ២/- ទេព ចិន្តា ភេទស្រី អាយុ៥០ឆ្នាំ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ,៣/-ឡាច ចន ភេទប្រុសអាយុ៥០ឆ្នាំ នៅភូមិសាមគ្គី ឃុំគោករមៀត ,៤/-ហឿង ចាន់ណាន ហៅមុំ ភេទស្រីអាយុ៥៣ឆ្នាំ នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត,៥/-សេង រ៉េត ភេទស្រីអាយុ៥៣ឆ្នាំ នៅភូមិត្រពាំងសំរោង ឃុំ គោករមៀត ,៦/- ម៉ាង គុយ ហៅ ចាន់ វឿង ភេទប្រុសអាយុ៥៨ឆ្នាំ នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត,៧/- លី ណុយ ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិសាមគ្គី ឃុំគោករមៀត ,៨/- ជួន រ៉ា ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មុខសញ្ញាជនសង្ស័យទាំង៨នាក់ មានមួយចំនួនធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធនឹងគ្រឿងញៀននេះផងដែរ ។

ចំពោះជនសង្ស័យគ្រឿងញៀនខាងលើ ផ្អែកតាមការបង្រ្កាបឃាត់ខ្លួនដកហូតបានវត្ថុតាងថ្នាំញៀនជាក់ស្តែង និងបានឆ្លើយសារភាពទទួលកំហុសពីសំណាក់ជនសង្ស័យ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យគ្រឿងញៀនទាំងនោះ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា

 


ចែករំលែក៖