ភ្នំពេញ៖ អស់រយៈពេលជាយូរមកហើយ ដែលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា ខេមរៈ ស្រីពៅ បានបាត់មុខពីសិល្បៈគឺក្រោយពី ដំណឹងអកុសលថា នាងប្រតិកម្មថ្នាំកែសម្ផស្សរហូតធ្លាក់ខ្លួន រលះរលួយសាច់និងលឺដេកនៅនឹងកន្ទេល ។ ថ្មីៗនេះដែរ តារាចម្រៀងសម្បុរស្រអែមរូបនេះបានបង្ហើរសំនៀងច្រៀងរួមគ្នាជាមួយបងប្រុសលោក ខេមរៈ សិរីមន្តក្នុងបទ ស្រុកខ្ញុំគេរាំតែអញ្ចឹង ប៉ុន្តែគេមិនបានឃើញវត្តមាននាងចេញមុខថតបទចម្រៀងខាងលើនេះទេ ។
ការទន្ទឹងរង់ចាំវត្តមានរបស់តារាចម្រៀង ខេមរៈ ស្រីពៅ អាចនឹងត្រូវខកបំណង ព្រោះតែនាងនឹងមិនមានវត្តមានក្នុងបទចម្រៀងថ្មីដែលនាងបាននិពន្ធ និងច្រៀងរួមគ្នាជាមួយខេមរៈ សិរីមន្តទេ។
គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ណាមួយ ពីតារាចម្រៀងខេមរៈ ស្រីពៅ បាននៅឡើយទេ គ្រាដែលបងប្រុសនាងគឺលោក ខេមរៈ សិរីមន្ត ស្នើសុំមិនធ្វើការបញ្ជាក់ជុំវិញបញ្ហាទាំងអស់នេះ។ ទោះជាយ៉ាងណាប្រភពចេញពីផលិតកម្មសាន់ដេ ដែលស្នើសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា តារាចម្រៀងខេមរៈ ស្រីពៅ នឹងមិនមានវត្តមានក្នុងបទចម្រៀងណាមួយរបស់ផលិតកម្មឡើយ។
ការបាត់មុខព្រោះតែនាងនិងក្រុមគ្រួសារនៅមិនចង់ឲ្យនាងវិលរកការងារសិល្បៈវិញនោះទេ គ្រាដែលសុខភាពរបស់នាងនៅមិនទាន់អាចចិលមករកស្ថានភាពដូចគ្រាមុន ហើយនាងអាចនឹងបន្តពន្យារពេលចូលប្រឡូកសិល្បៈរហូតដល់ចុងឆ្នាំ២០១៧នេះ។
ប្រភពដដែលលើកឡើងដែរថា ការចេញបទចម្រៀងថ្មីដែលនាងបាននិពន្ធ ព្រោះតែមិនចង់បង្ហាញថា ស្ថានភាពសុខភាពរបស់នាងវិលមករកភាពល្អប្រសើរខ្លាំង ចង់បង្កើតឲ្យមានការចាប់អារម្មណ៍ជាមួយបទចម្រៀងថ្មី និងមិនចង់ឲ្យស្ងាត់បាត់មុខពីវិស័យសិល្បៈ ។
គួររំលឹកថា កាលពីដើមឆ្នាំ២០១៦ ម្ចាស់បទ លើសពីFan បានអត់ កញ្ញាខេមរៈ ស្រីពៅ បានផ្ទុះចេញជាមួយនឹងដំណឹងរស៊ើបមួយ គឺការប្រតិកម្មធ្ងន់ទៅនឹងថ្នាំរក្សាសម្ផស្សរហូតឈឺដេកដួលទៅនឹងកន្ទេល និងត្រូវនិមន្តព្រះសង្ឃឆ្លងធម៌ផងដែរ ។ ដំណឹងនេះបានស្ងប់ស្ងាត់បន្តិចក្រោយក្រុមគ្រួសារព្យាយាមចេញមុខបដិសេធច្រានចោលដំណឹងអកុសល្យខាងលើ ។ ចូលដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ភ្លាមនាងបានបង្ហាញមុខដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយនឹងវីដេអូខ្លី ដែលមានរយៈពេលត្រឹម៣០វិនាទី ដែលតារាចម្រៀងខេមរៈ ស្រីពៅ បានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាងបានធ្វើការជម្រាបសួរ និងផ្ញើក្តីនឹករលឹកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយនាងក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងអ្នកគាំទ្រដែលបានខ្វាយខ្វល់ពីសុខទុក្ខនាង ៕ វឌ្ឍនា