ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីមន្ត្រីនគរបាលម្នាក់បានមកប្តឹងនគរបាលចោមចៅ អោយជួយអន្តរាគមន៍ដោយសារតែត្រូវប្អូនថ្លៃរបស់ខ្លួនយកកាំបិតមកកាប់ និងខាំរូបគាត់បណ្តាលឱ្យរងរបួសកដៃទាំងសងខាង និងមានស្នាមខាំក្រោមដោះខាងស្តាំ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះវ៉ាន់ ចាន់រ៉ាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាមន្ត្រីនគរបាលស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកបុរសជាប្អូនថ្លៃមានឈ្មោះ ឈុន លាងហេង ហៅ ផែន អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកើតហេតុខាងលើ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានចូលបន្ទប់ទឹកមុជទឹក លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែប្អូនថ្លៃរូបនោះ កាន់កាំបិតបុ័ងតោចូលទៅកាប់ និងខាំរូបគាត់បណ្តាលឲ្យរងរបួសដៃខាងឆ្វេង ។
ជនរងគ្រោះបន្តរៀបរាប់ថា រួបគាត់ និងជនបង្កដែលត្រូវជាប្អូនថ្លៃធ្លាប់មានរឿងនឹងគ្នាម្តងរួចមកហើយ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ដើម្បីឱ្យសមត្ថកិចជួយអន្តរាគមន៍ចាត់ការតាមផ្លូវច្បាប់ ។ ទាក់ទងនឹងការប្រអំពើហិង្សាខាងលើនេះ ជនរងគ្រោះមិនអាចបញ្ជាក់ថា ជាមូលហេតុអ្វីនោះទេ ៕ សុខាសែនជ័យ