ព័ត៌មានទាន់ហេតុការណ៍៖

កម្មករអូសរទេះតវ៉ាបិទផ្លូវនៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែត៖ ក្រុមកម្មករអូសរទេះដឹកទំនិញចេញពីប្រទេសថៃ ចូលមកកម្ពុជា ទាញប៉ារ៉ាស់ បិទផ្លូវតវ៉ានៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខណៈដែលខាងភាគីថៃរឹតបន្តឹងកម្មករខ្មែរ ដែលរកស៊ី និង ដំឡើងថ្លៃទំនិញនាំចេញពីប្រទេសថៃ មកខាងកម្ពុជា កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៧ ។

ក្រុមកម្មករទាំងនោះបានលើកឡើងដូចគ្នាថា ពីមុនពួកគាត់ជាកម្មករដឹកទំនិញគ្រប់ប្រភេទតាមរទេះចេញពីប្រទេសថៃមកកម្ពុជា ខាងភាគីថៃឲ្យបង់តែ ១រទេះ(រទេះដឹកលក្ខណៈជាកេស) ៥០បាត ទៅ ១០០បាត និងយ៉ាងច្រើន១៥០បាត តែដល់ពេលមួយរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ ថៃបានរឹតបន្តឹង យកក្នុង១រទេះ១,០០០ ទៅ ២,០០០បាត ដែលធ្វើអោយពួកគាត់ទទួលយកមិនបានទើបតវ៉ា។

ប្រភពកម្មករអូសរទេះដដែលបញ្ជាក់ថា ចំពោះបញ្ហា ដែលខាងភាគីថៃតម្រូវ ពួកគាត់ដែលដឹកទំនិញចេញផ្សាររុងក្លឿ(ថៃ) ចូលមកកម្ពុជា ខាងថៃបានតម្រូវឲ្យបង់ប្រាក់ច្រើនពេក ដែលមិនអាចទទួលយកបាន ម្យ៉ាងទៀតការអូសរទេះដូចជាពួកគាត់ មិនបានប្រាក់កម្រៃផង ពួកគាត់បានដាក់ពាក្យសុំឲ្យស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជួយរកដំណោះស្រាយ អស់រយៈពេលមួយអាទិត្យហើយ តែនៅមិនទាន់មានដំណោះសា្រយសម្រាប់ពួក ទើបពួកគាត់លើកគ្នាទាញប៉ារ៉ាស់បិទផ្លូវនៅថ្ងៃនេះតែម្តង។

ក្រោយពីតវ៉ាបិទច្រកអស់រយៈពេលប្រហែលជា២០នាទីមក មន្ត្រី និងសមត្ថកិច្ចកម្ពុជា-ថៃ និងតំណាងកម្មករបានជួបចរចាគ្នាលើទឹកដីថៃមកមួយប៉ព្រិចភ្នែកក្រោយមក ក៏មានការបើកច្រកឡើងវិញ ។ សមត្ថិកិច្ចច្រកទ្វារបានប្រាប់ថា ភាគីថៃបានកំណត់ទំនិញមិនឲ្យដឹកក្នុងមួយរទេះលើសពី៥ម៉ឺនបាតទេ បើដឹកទំនិញលើស៥ម៉ឺនបាតក្នុងមួយរទេះ នោះខាងភាគីថៃនឹង ធ្វើវិក្កយបត្រនាំចេញ។

ចំពោះបញ្ហានេះ លោក វួច អូន ប្រធានកម្មាធិការច្រកទ្វារអន្តរជាតិប៉ោយប៉ែត អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺបានទេ ៕ វណ្ណា

vae (1) vae (2) vae (3) vae (4)

55


ចែករំលែក៖