ព័ត៌មានទាន់ហេតុការណ៍៖

ការធ្វើឡើងវិញទ្រង់ទ្រាយឡដុតកុលាលភាជន៍ ខ្មែរសម័យអង្គរត្រូវបានបង្ហាញរូបរាងហើយ

ចែករំលែក៖

ខេត្តសៀមរាប៖ ការធ្វើឡើងវិញនៅទ្រង់ទ្រាយឡដុតកុលាលភាជន៍សម័យបុរាណ និងដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍អង្គរសង្រ្គាន្ត ក្នុងន័យដើម្បីលើកកម្ពស់វិស័យសិល្បៈ ឧស្សាហ៍កម្ម និងវប្បធម៌ខ្មែរ ដើម្បីឲ្យប្រជាពលរដ្ឋបានសិក្សា និងយល់ដឹងអោយកាន់តែស៊ីជម្រៅនោះគឺ ឡដុត កុលាលភាជន៍សម័យអង្គរមួយ ត្រូវបានបង្កើតឡើង។

ឡនេះមានទីតាំងនៅបរិវេណ «ភូមិខ្ញុំ» ហើយវានឹងបើកឲ្យសាធារណជនចូលទស្សនា ក្នុងថ្ងៃព្រឹត្តិការណ៍អង្គរសង្រ្គាន្ត ដែលនឹង ប្រព្រឹត្តិទៅនៅពាក់កណ្តាលខែមេសាខាងមុខនេះ ។

លោកបណ្ឌិតអ៊ា ដារិទ្ធ អនុប្រធាន មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ឡដុតកុលាលភាជន៍ដែលបានសាងសង់នេះគឺជាប្រភេទឡ ដែលយកគំរូតាមឡបុរាណដើម សម័យអង្គរ ជាប្រភេទឡខ្នាតតូចមួយដែលអ្នកស្រាវជ្រាវបានធ្វើកំណាយស្រាវជ្រាវរកឃើញ។ លោកបន្ថែមថា ការសង់ឡដុតកុលាលភាជន៍នេះ គឺក្នុងន័យដើម្បីបង្ហាញដល់ សាធារណជនអោយបានឃើញ ឲ្យស្គាល់ថាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរ សម័យបុរាណជាច្រើន គឺកើតចេញពីឡមួយនេះ។

បើតាមការបញ្ជាក់ពី លោក ដារិទ្ធ ក្រៅពីបានឃើញរូបរាងឡហើយនោះ សាធារណជនដែលចូលរួមទស្សនានៅថ្ងៃអង្គរសង្រ្កាន្ត ក៏នឹងបានយល់ដឹងពីបច្ចេកទេសធ្វើកុលាលភាជន៍ផងដែរ។ ជារួមពួកគេអាចរៀនអំពី បច្ចេកទេសធ្វើកុលាលភាជន៍ពីអ្នកជំនាញផ្ទាល់នៅទីនោះ។ ត្រង់ចំណុចនេះ លោក ដារិទ្ធ បញ្ជាក់ថា គឺចង់ឲ្យសាធារណជនដឹងថា តើការធ្វើកុលាលភាជន៍មានលំបាកយ៉ាងណាខ្លះ។

ងាកមកមើលឡដុតកុលាលភាជន៍វិញ អ្នកជំនាញពន្យល់ថា ឡថ្មីនេះត្រូវបានសង់ឡើងនៅ លើដីទួលមួយដោយចាក់ដីកម្ពស់ប្រហែល ៣ម៉ែត្រ និងមានសង់ជាជម្រាលចុះក្រោម។ ដំណាក់កាលដំបូងគេរៀបចំបាតឡដោយក្រាលដីឥដ្ឋ បន្ទាប់មកគេដំឡើងគ្រោងឆ្អឹងធ្វើពីឫស្សីហើយសង់សសរនៅកណ្តាលឡ ដើម្បីទប់ដំបូល ដែលមានរាងកោង។ បន្ទាប់មកទៀតគេបៀកដីឥដ្ឋទាំងផ្នែកខាងលើ និងខាងក្រោមគ្រោងឆ្អឹងឫស្សីដើម្បីទប់កុំឲ្យវាធ្លាក់ ឫជ្រុះ។ ឡនេះមានទំហំទទឹង ១,៨០ម៉ែត្រ បណ្តោយ៦,៥០ម៉ែត្រ និងកម្ពស់ប្រហែល ១,២០ម៉ែត្រ។

តាមការបកស្រាយរបស់លោក ដារិទ្ធ ដែលជាអ្នកសិក្សាស្រាវជ្រាវផ្នែកកុលាលភាជន៍ បានឲ្យ ដឹងទៀតថា នៅសម័យបុរាណ ក្រៅពីប្រទេសកម្ពុជា ក្នុងនោះក៏មានប្រទេសជិតខាងមួយ ចំនួន ក៏មានបច្ចេកទេសធ្វើឡដុតកុលាលភាជន៍ដូចគ្នាដែរដូចជាប្រទេស ភូមា ថៃ ឡាវ និងវៀតណាម។

ទោះជាយ៉ាងណា លោក ដារិទ្ធ បញ្ជាក់ថា ខ្មែរមានបច្ចេកទេសខ្ពស់ ដែល អាចធ្វើឲ្យកុលាលភាជន៍មានភាពរឹងស្រទាប់រលោងមានគុណភាពល្អ និងប្លែកខុសពីគេ។ ឡដុតកុលាលភាជន៍មានការវិវឌ្ឍន៍ខ្លាំងនៅសម័យអង្គរ ចាប់ពីសតវត្សទី៩ ដល់ទី១៥ គ.ស.។

ឡដុតកុលាលភាជន៍ ដែលអ្នកបុរាណវិទ្យាបានរកឃើញនៅក្បែរប្រាសាទទ័ពជ័យ គឺជាឡដែលធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ហើយមានបណ្តោយ២១ម៉ែត្រនិងទទឹង៣,២០ម៉ែត្រ។ កុលាលភាជន៍ជាសម្ភារៈសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងក្នុងពិធីសាសនា របស់ពលរដ្ឋខ្មែរនៅ សម័យបុរាណ ដែលគេប្រើវាសម្រាប់ដាក់បាយ ចម្អិនម្ហូប ដាក់ទឹក និងស្រា។ល៕ ប៊ុនរិទ្ធី

IMG_2004 IMG_2005 IMG_2006 IMG_2008 IMG_2009 IMG_2010 IMG_2011 IMG_2012


ចែករំលែក៖