ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងលួចបោះជំរុំ ដើម្បីលួចជីករ៉ែត្បូង និងដាក់អន្ទាក់សត្វព្រៃ នៅក្នុងតំបន់អភិរក្ស ប្រើប្រាស់ច្រើនយ៉ាងប៉ៃលិន-សំឡូត

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចចម្រុះ ចំនួន ៦នាក់ មានសមាសភាពចូលរួមពី មន្ត្រីអនុរក្សមន្ទីរបរិស្ថានខេត្ត កងរាជអាវុធហត្ថ ប៉ូលីសវរៈការពារព្រំដែន និងកម្លាំងរបស់ MJP បានចុះល្បាតនៅក្នុងភូមិសាស្ត្រ តំបន់អភិរក្សប្រើប្រាស់ច្រើនយ៉ាង ប៉ៃលិន-សំឡូត បានប្រទះឃើញទីតាំងការលួចបោះជំរុំនៅក្នុងព្រៃស្ថិតនៅចំណុចភ្នំទ្រព្យ សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន ។

លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា៖ មន្ត្រីអភិរក្សរបស់មន្ទីរបរិស្ថានខេត្ត បានសហការជាមួយកម្លាំងចម្រុះ ដើម្បីដើរត្បាតតាមគោលដៅនានា ក្នុងតំបន់ការពារធម្មជាតិ ជាពិសេសតំបន់អភិរក្សប្រើប្រាស់ច្រើនយ៉ាង ប៉ៃលិន-សំឡូត ដែលជានិច្ចជាកាលក្រុមជនល្មើស តែងតែលួចចូលកាប់ឈើមានតម្លៃ កាប់ទន្ទ្រានដីព្រៃយកមកធ្វើចំការ លួចជីករ៉ែធនធានធម្មជាតិ និងការបរបាញ់ ដាក់អន្ទាក់សត្វព្រៃជាដើម ហើយកន្លងមកកម្លាំងចម្រុះបានធ្វើការបង្ក្រាបជាបន្តបន្ទាប់ ប៉ុន្តែដោយដីព្រៃអភិរក្សមានទំហំធំ កម្លាំងអភិរក្សមានចំនួនតិចមិនគ្រប់គ្រាន់ គឺចេញល្បាតបានត្រឹមតែ ៣ដង ឬ៤ដងប៉ុណ្ណោះ ក្នុង១ខែ ដូច្នេះហើយទើបបានជាក្រុមជនខិលខូចអាចលួចចូលធ្វើសកម្មភាពខុសច្បាប់បាន។

សូមបញ្ជាក់ថា៖ ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងចម្រុះបាន រុះរើដុតកម្ទេចជំរុំចោល និងបានដើរប្រមូលអន្ទាក់សត្វ ដែលជនល្មើសដាក់នៅក្នុងព្រៃ បានចំនួន ១៧០អន្ទាក់ រីចំនែកជនល្មើសបានរត់គេចខ្លួនបាត់ស្រមោល មុនសមត្ថកិច្ចចម្រុះទៅដល់ ៕ ស សារ៉េត

ae (1) ae (2) ae (3) ae (4) ae (5) ae (6) ae (7) ae (8) ae (9)


ចែករំលែក៖