ខេត្តបាត់ដំបង ៖ លោកប្រធានភូមិស្ទឹងចកនិងលោកមេឃុំព្រៃតូចរងការរិះគន់ពី ពលរដ្ឋថា បានរំលោភយកដីស្រែរបស់ប្រជា ពលរដ្ឋក្រីក្រធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
លោកថ្លា សែម ហៅ ម៉ាប អាយុ៥៧ឆ្នាំជាកសិកររស់នៅភូមិរំចេក ឃុំកកោះ ស្រុក មោងប្ញស្សី ខេត្តបាត់ដំបងបានឲ្យដឹងថា លោក គឹម រស់ ជាប្រធានភូមិស្ទឹងចកមិនត្រឹមតែមិនបានបំពេញតួនាទីជួយនិងបម្រើ ប្រជាពលរដ្ឋដើម្បីសង្គមនោះទេថែមទាំងប្រើសិទ្ធិអំណាចរបស់ខ្លួនរំលោភបំពានដាក់គ្រឿងចក្រភ្ជួររាស់យកដីស្រែរបស់ពលរដ្ឋ ក្រីក្រដែលគ្មានសិទ្ធិតវ៉ានោះ ។
លោកបានបន្តទៀតថា ដីស្រែនោះមានទីតាំងស្ថិតនៅត្រង់ចំណុចស្ទឹងចកឬហៅថាពាងទាំង ក្នុងឃុំព្រៃតូច ស្រុកមោងប្ញស្សី ចំនួន២ហិកតាដែលបានអាស្រ័យផលតាំងពីឆ្នាំ១៩៩៥មក រហូតដល់ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៦លោកប្រធានភូមិ ដែលមានដីរាប់រយហិកតា នៅជាប់ព្រំ ប្រទល់គ្នានោះបានដាក់គ្រឿងចក្រភ្ជួរ រាស់លើដំណាំស្រូវរបស់លោកដែលកំពុង ដាំដុះអស់ចំនួនជាង២រ៉ៃ ។ បន្ទាប់ពីជួប ហេតុការណ៍រំលោភយកដីស្រែខាងលើនេះលោកនិងក្រុមគ្រួសារបានធ្វើពាក្យប្តឹង ទៅអាជ្ញាធរឃុំចំនួន៣លើកប៉ុន្តែបានត្រឹម តែរុញដាក់គ្នានិងមិនមានដំណោះស្រាយសមរម្យណាមួយសម្រាប់ពួកគាត់នោះឡើយ ។
លោកអឹុម អាន អាយុ៥៥ឆ្នាំបានជួបការរំលោភបំពានដីស្រែដូចគ្នានឹងអ្នកខាងលើបានឲ្យដឹងថា ដីស្រែរបស់លោកត្រូវ បានលោកប្រធានភូមិខាងលើយកគ្រឿងចក្រចូលភ្ជួររាស់លើដំណាំស្រូវមានចំនួនដីប្រមាណជិតកន្លះរ៉ៃ។ ក្រោយពីមានការ បំពានលោកបានធ្វើពាក្យបណ្តឹងទៅលោកមេឃុំ ឈៀង ឆាតប៉ុន្តែមិនមានអាជ្ញាធររូបណាចេញមុខដោះស្រាយនោះឡើយនិង និយាយល្អតែក្នុងពិធីប្រជុំតែប៉ុណ្ណោះជាក់ស្តែងពុំមានលទ្ធផលអ្វីនោះទេ ។
អ្នកស្រីភ្លៀញ សាមឿន ក្នុងចំណោមប្រជាពលរដ្ឋជាង២០នាក់បានបញ្ជាក់ថា ជនរងគ្រោះខាងលើពិតជាពលរដ្ឋល្ងិត ល្ងង់និងក្រលំបាកមានផ្ទៃដីតិចតួចត្រូវអ្នកមានអំណាចភូមិឃុំរំលោភបំពានយកដីស្រែដែលមានតិចតួចនោះទៀតតើឲ្យពួកគាត់សង្ឃឹមអ្វី បើអាជ្ញាធរភូមិឃុំមិនខ្វល់យកតែរួចខ្លួនបែបនេះ?
លោកគឹម រស់ ប្រធានភូមិស្ទឹងចកបានបំភ្លឺតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៨ មីនាថា ទីតាំងដែលលោកដាក់គ្រឿងចក្រភ្ជួររាស់មិនមែនជាកម្មសិទ្ធិរបស់ឈ្មោះថ្លា សែមហៅម៉ាប់នោះឡើយវាជាចំណីផ្លូវ លំទេ ។
រីឯលោក ឈៀង ឆាត មេឃុំព្រៃតូច បានបំភ្លឺតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៨ មីនាបានត្រឹមតែ២ទៅ៣ម៉ាត់ប៉ុណ្ណោះ ដោយអះអាងថាសុំពេលបន្តិចសិនព្រោះលោកជាប់រវល់ដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ៕ ហេង នរិន្រ្ទ