ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋបាន រិះគន់ទីតាំងអាហារដ្ឋានជាច្រើននៅក្នុង ក្រុងបាត់ដំបងពិសេសនៅតាមដងស្ទឹង សង្កែចំណុចភូមិព្រែកតាតន់ និង ភូមិព្រែក ព្រះស្តេច ថាបានចាក់កាកសំណល់សំរាមច្រើនប្រភេទពាសវាលពាសកាលចូលក្នុងស្ទឹងសង្កែធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថាន និងសុខភាព។
ប្រជាពលរដ្ឋបានលើកឡើងថា អាហារដ្ឋានដែលបានចាក់កាកសំណល់សំរាម សំបកដូងយ៉ាងអនាធិបតេយ្យពាសវាលពាសកាលបង្កផលប៉ះពាល់ទៅដល់បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋខាងលើនេះមានទីតាំងនៅតាមបណ្តោយដងស្ទឹងសង្កែស្ថិតក្នុងភូមិព្រែកតាតន់ និងភូមិព្រែក ព្រះស្តេច ក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុង បាត់ដំបង។
ពួកគាត់លើកឡើងទៀតថា ការបោះ ចោលសំរាមពាសវាលពាសកាលគ្មាន សណ្តាប់ធ្នាប់នៅតាមដងស្ទឹងសង្កែបែបនេះកើតមានយូរណាស់មកហើយតែគ្មានអាជ្ញាធរណាម្នាក់យកចិត្តទុកដាក់ចាត់វិធានការចុះត្រួតពិនិត្យឬណែនាំទៅដល់ម្ចាស់ ទីតាំងអាហារដ្ឋានទាំងនោះឡើយដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់បរិស្ថាន ។ ម្យ៉ាងវិញទៀតពេលមានភ្លៀងធ្លាក់ម្តងៗហូរទឹកស្អុយរលួចចេញពីគំនរសំរាមទាំងនោះចូលទឹកស្ទឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពពិសេសធ្វើឱ្យកើតរោគរលាក រមាស់ នៅពេលដែលពួកគាត់ដងទឹកយកទៅ ប្រើប្រាស់ទៀតផង ។
លោក តោ ហុន ចៅសង្កាត់ព្រែកព្រះ ស្តេចបានប្រាប់ឲ្យដឹងថា បញ្ហាសំរាមនៅតាមអាហារដ្ឋានតាមដងស្ទឹងសង្កែខាង អាជ្ញាធរក្រុងនឹងចុះទៅធ្វើនៅថ្ងៃក្រោយ ឆាប់ៗនេះហើយ ។
ចំណែកលោក សៀងឯម វូនស្ហី អភិបាល ក្រុងបាត់ដំបង បានប្រាប់ផងដែរថា លោកនិងក្រុមការងារកំពុងតែចុះរៀបចំធ្វើកិច្ចការងារហ្នឹងជាបណ្តើរៗនៅតាមទីផ្សារនិងតាមបណ្តាអាហារដ្ឋានមួយចំនួនហើយ ៕ ហេង នរិន្ទ្រ