ខេត្តពោធិ៍សាត់៖ ប្រជានេសាទភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់រាយការណ៍យកថា បទល្មើសនេសាទប្រភេទអួនហំ និងអួនកែច្នៃ កំពុងធ្វើសកម្មភាពនេសាទយ៉ាងគគ្រឹកគគ្រេង ចំណែកលោក នាយសង្កាត់ជលផលកណ្ដៀងនិយាយថា បញ្ហាហ្នឹងមានផលលំបាកខាំងណាស់ ព្រោះបទល្មើសទាំងនេះសុទ្ធសឹងជាមានសមត្ថកិច្ចនគរបាល និងអ្នកកាសែតនៅពីក្រោយខ្នង។
ប្រភពរាយការណ៍ខាងលើបន្តថា បទល្មើសនេសាទប្រភេទអួនហំ និងអួនកែច្នៃទាំងនោះ គេសង្កេតឃើញកំពុងធ្វើសកម្មភាពនេសាទរាល់ថ្ងៃនៅបឹងទន្លេសាប ត្រង់ចំណុចអតីតៈឡូត៍នេសាទលេខ ៤.៥.៧ និងផ្លូវទឹកលេខ៦.ស្ថិតក្នុងភូមិកោះក្អែក និងភូមិ-ឃុំរាំងទឹល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពរាយការណ៍ដដែលខាងលើបន្តទៀតថា បទល្មើសនេសាទប្រភេទអួនហំ និងអួនកែច្នៃអូសទាញដោយកម្លាំងគ្រឿងម៉ាសុីនធំៗនោះ បានធ្វើសកម្មភាពនេសាទរាល់ថ្ងៃគេមិនដែលឃើញមន្រ្តីជំនាញរដ្ឋបាលជលផលធ្វើការបង្រ្កាបសោះ ហើយម្យាងទៀតនោះអ្វីដែលបទល្មើសទាំងនេះ ធ្វើសកម្មភាពទៅបាននោះ ដោយគេសង្ស័យថ្នូរលុយបង់ប្រចាំថ្ងៃទៅស្ថាប័នពាក់ព័នចាប់ពី១០មឺុនរៀលទៅ ២០មឺុនរៀល ចំណែកមន្រ្តីជំនាញមិនហ៊ានយកជាចំហរនោះទេ តែបានប្រើក្រោមរូបភាពខ្ចិីលុយចាយជាដើរៗ បញ្ហានេះហើយទើបគ្មានការបង្រ្កាបទាល់តែសោះនោះ ជាក់ស្ដែងនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ គេឃើញបទល្មើសអួនហំ និងអួនកែច្នៃ កំពុងធ្វើសកម្មភាពនៅក្បែកោះក្អែក និងផ្លូវទឹកក្បែរជញ្ជាំងឡូត៍នេសាទលេខ ៦ បានធ្វើសកម្មភាពច្រើនវងយ់ហុយទ្រលោមពេញទន្លេគ្មានមន្រ្តីណាអើពើនោះឡើយ។
ពាក់ព័ន្ធនឹងប្រភពរាយការណ៍ព័ត៌មានពីប្រជានេសាទខាងលើ លោក ភុន វណ្ណា នាយសង្កាត់ជលផលកណ្ដៀង បានប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ថា បញ្ហាហ្នឹងលោក មានផលលំបាកខ្លាំងណាស់ព្រោះមានសមត្ថកិច្ចនគរបាល និងអ្នកសារព័ត៌មាននៅពីក្រោយខ្នង៕ ប៉ឹម ពិន